កម្ពុជា-វៀតណាម ប្រជុំទ្វេភាគីលើកទី៤ ដើម្បីបូកសរុបយុទ្ធនាការឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនក្រសួងនគរបាលវៀតណាម និងទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូមន្ទីរប្រឆាំងគ្រឿងញៀន និងប្រតិភូតាមបណ្តាស្នងការដ្ឋាននគរបាលជាប់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ ដើមុបីបូកសរុបយុទ្ធនាការចំណុចខ្ពស់ ឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន បណ្តានាយកដ្ឋានចំណុះក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី៣០វិច្ឆិកា។

ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងអំពីសំណូមពរមួយចំនួនរួមមាន ៖ ការពង្រឹងសម្ថភាពជំនាញ និងភាសាដល់មន្ត្រីប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ទាំង២ប្រទេស , ធ្វើការស្នើដល់អង្គការ UNODC និងភាគីពាក់ព័ន្ធដើម្បីឧបត្ថម្ភបន្ថែមនូវសម្ភារៈបច្ចេកទេស មធ្យោបាយល្បាតត្រួតពិនិត្យ និងវគ្គបណ្តុះបណ្តាល/សិក្ខាសាលាបន្ថែម លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមបណ្តោយព្រំដែនអោយយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន និងបំផុសអោយមានចលនាសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ជុំរុញពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍និងរួមគ្នាចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនអោយបានទាន់ពេលវេលា។

ភាគីទាំង២ ស្នើខិតខំបង្កើនកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ និងចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ដែលមានដីការពីតុលាការ និងមាននិវេទន៍ក្រហមតាមចាប់ខ្លួនរបស់នគរបាលអន្តរជាតិ, បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានអំពីករណីគ្រឿងញៀនរវាងប្រទេសទាំង២, ស្នើអោយមានការប្រជុំរវាង ការិយាល័យទំនាក់ទំនងព្រំដែនBLOនីមួយៗ នៃប្រទេសទាំង២ រយៈពេល៣ខែម្តង, បង្កើនការត្រួតពិនិត្យជាប្រចាំនូវអ្នកដំណើរ/ប្រជាជនចេញចូលប្រទេសទាំង២, បង្កើនកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីអនុវត្តច្បាប់ប្រទេសទាំង២, បង្កើនកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសគ្រឿងញៀនឈានទៅដល់ការបង្ក្រាបដល់ឬសគល់, បង្កើតការិយាល័យទំនាក់ទំនងព្រំដែនBLO នៅខេត្ត ដុង ថាប ប្រទេសវៀតណាម ជាដៃគូការិយាល័យទំនាក់ទំនងព្រំដែនBLO នៅខេត្តព្រៃវែង ប្រទេសកម្ពុជា ។

កិច្ចប្រជុំបានបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ភាគីកម្ពុជា-វៀតណាម ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងគោលបំណងរក្សាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់បន្ទាត់ព្រំដែន ដើម្បីរួមចំណែកលើកស្ទួយការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ។

កិច្ចប្រជុំបានផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍ និងលទ្ធផលសម្រេចបានពីការប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងវាយតម្លៃលើលទ្ធផលការងារសហការរវាងភាគីកម្ពុជា-វៀតណាម ក្នុងរយ:ពេលកន្លងមក និងបានពិភាក្សាកំណត់ទិសដៅ ព្រមទាំងដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការងារបង្ការបង្ក្រាបបទល្មើសគ្រឿងញៀនរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner