លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៖ TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA ) បានមានប្រសាសន៍បញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺក្នុងសមរភូមិកូវីដ-១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក ហើយក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់ បច្ចុប្បន្ននេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA មានសមាជិកជាង៨ពាន់នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល។ ការបញ្ជាក់នេះ ក្នុងសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកដំបូងក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឱ្យបានល្អប្រសើរ» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

សន្និសីទវេជ្ជសាស្រ្តដែលរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានមានប្រសាសន៍ថា សន្និសីទដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានអាយុ១១ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម ដោយក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ គួរបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA ត្រូវបានបង្កើតឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍៕
ដោយ៖ពលជ័យ
រូបភាព៖TYDA


