អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាប្រយុទ្ធ ដណ្តើមយកទីក្រុងដ៏សំខាន់ ពីរបបយោធា
ណៃពិដោ៖ ក្រុមអ្នកប្រយុទ្ធ គាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអះអាងពីការប្រយុទ្ធដណ្តើមយកទីក្រុងដ៏សំខាន់ ជាលើកដំបូង ពីក្រុមរបបយោធា។
ជាមួយនឹងរថយន្តភីកអាប់ចាស់ៗ ដោយបានបើកបរឆ្លងកាត់ផ្ទះដែលគេបោះបង់ចោល និងរងការទម្លាក់គ្រាប់បែក នៅក្នុងទីក្រុង Loikaw ភាគខាងកើតនោះ ក្រុមអ្នកប្រយុទ្ធគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រាប់ឲ្យដឹងថា ពួកគេកំពុងធ្វើដំណើរតាមផ្លូវ ទៅកាន់សមរភូមិជួរមុខ ដើម្បីដណ្តើមយកទីក្រុងដ៏សំខាន់ដំបូង ពីរបបយោធា។
លោក Lin Lin មេដឹកនាំរបស់ក្រុមអ្នកប្រយុទ្ធបាននិយាយថា ទិដ្ឋភាពផ្ទះនិងរថយន្តដែលរងការបំផ្លិចបំផ្លាញទាំងនេះហើយ ដែលបានជំរុញទឹកចិត្តពួកគេជាខ្លាំង ក្នុងការទៅវាយដណ្តើមការកាន់កាប់រដ្ឋធានីដំបូងរបស់ពួកគេ ពីពួករបបយោធា។
គួរបញ្ជាក់ថា កងកម្លាំងការពារប្រជាជន ហៅកាត់ថា PDF រាប់សិបនាក់កំពុងធ្វើយុទ្ធនាការវាយប្រយុទ្ធ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ ២០២១ របស់យោធា។
ក្រុម PDF និងក្រុមជនជាតិភាគតិចសម្ព័ន្ធមិត្តផ្សេងទៀត បាននិងកំពុងប្រយុទ្ធជាមួយកងទ័ពមីយ៉ាន់ម៉ា អស់ជាច្រើនសប្តាហ៍ នៅក្នុងនិងជុំវិញទីក្រុង Loikaw ដែលជាទីក្រុងមួយស្ថិតនៅលើភ្នំដ៏ខៀវស្រងាត់ និងមានប្រជាជនប្រមាណ ៥០០០០ នាក់ នៅភាគខាងកើត នៃរដ្ឋ Kayah។
ក្រុមអ្នកប្រយុទ្ធ PDF បាននិយាយថា អ្នកស្រុករាប់ពាន់នាក់បានរត់គេចពីការវាយប្រហារតាមអាកាស ការបាញ់កាំភ្លើងធំ និងការប្រយុទ្ធគ្នា នៅក្នុងទីក្រុងនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត