ឯកឧត្តម ស្រី ឌឹក បានលើកឡើងថា សមិទ្ធផល និងស្នាដៃ របស់បងប្អូនយោធិន ដែលបានលះបង់កន្លងមក ដើម្បីបុព្វហេតុក្នុងការ ការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅតែដក់ក្នុងក្រអៅបេះដូងពួកយើងជារៀងរហូត
(ខេត្តព្រះវិហារ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា សមិទ្ធផលយ៉ាងធំធេង និងស្នាដៃដ៏អស្ចារ្យ ដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិន ក្នុងការពុះពារលំបាក គ្រោះថ្នាក់ ឧបសគ្គគ្រប់បែបយ៉ាង សូម្បីតែជីវិត ដើម្បីបុព្វហេតុក្នុងការ ការពាជាតិ មាតុភូមិ និងប្រជាជនកម្ពុជាកន្លងមក នៅតែដក់ក្នុងក្រអៅបេះដូងបងប្អូនយើងគ្រប់ស្រទាប់វណ្ណៈ បើទោះបីជាបងប្អូនត្រូវបានផ្ទេរ ចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លើកឡើងបែបនេះ ក្នុងគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៣ របស់កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ កាលពីពេលថ្មីៗនេះ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ក្នុងនាម ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូពីសុខទុក្ខ របស់កងទ័ពជានិច្ច តាមរយៈការលើកទឹកចិត្តដោយផ្ទាល់ និងពីចម្ងាយ ដល់បងប្អូនយោធិនដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជន ព្រមទាំងការចូលរួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាពិសេសតែងតែយកចិត្តទុកដាក់គិតគូ ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិនពលី មរណៈ យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ធ្វើឱ្យបងប្អូនកាន់តែមានភាពជឿជាក់ ហ៊ានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា និងប្រជាជន ។
ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងលើកទឹកចិត្ត ទៅកាន់បងប្អូនយោធិន ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា សូមបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែង រក្សាបានឡើងដោយលំបាក ក្រោមនយោបាយឈ្នះឈ្នះ ឲ្យនៅស្ថិតស្ថេរយូរអង្វែងជាអមតៈ ។
សូមបញ្ជាក់ជូនថា ចំពោះយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ សម្រាប់ឆ្នាំ២០២៣ របស់កងពលធំអន្តរាគមន៍លេខ៣ មានចំនួនសរុប ៩៥នាក់ ពីថ្នាក់នាយចំណង់ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងនោះទីបញ្ជាការកងពលធំលេខ៣ ចំនួន ១៧នាក់, កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ១៨នាក់, កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ៣១នាក់, និងកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២៩នាក់ ។
ដោយក្នុងយោធិនចូលសោធននិវត្តន៍ ម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវថវិកា សរុបចំនួន ៣០ម៉ឺនរៀល ក្នុងនោះថវិកា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ចំនួន ១០ម៉ឺនរៀល ៕
ដោយ ៖ សួន លីណា






