ប្រតិបត្តិការផ្កាយរណបស៊ើបការណ៍របស់កូរ៉ខាងជើងចាប់ផ្តើមហើយ
ព្យុងយ៉ាង៖ ការិយាល័យប្រតិបត្តិការផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជាផ្លូវការហើយ ក្នុងនាមជាអង្គភាព ស៊ើបការណ៍សម្ងាត់យោធា។
នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ការិយាល័យប្រតិបត្តិការផ្កាយរណបស៊ើបការណ៍ របស់មជ្ឈមណ្ឌលគ្រប់គ្រងទូទៅទីក្រុងព្យុងយ៉ាងនៃ រដ្ឋបាលជាតិបច្ចេកវិទ្យាទីអវកាស បានចាប់ផ្ដើមធ្វើបេសកកម្មរបស់ខ្លួន ហើយ កាលពីថ្ងៃទី២ ខែធ្នូ។
ប្រភពបានបន្តថា បន្ទាប់ពីនេះ នឹងមានការរាយការណ៍ជូន នូវព័ត៌មានដែលខ្លួនប្រមូលបាន ទៅកាន់ការិយាល័យស៊ើបការណ៍សម្ងាត់នៃអង្គការភាពកងទ័ព និងអង្គភាពសំខាន់ៗដទៃទៀតរបស់យោធាកូរ៉េខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតដោយជោគជ័យកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។
ជាការកត់សម្គាល់ ប្រទេសកូរ៉េខាងត្បូងក៏ទើបបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន តាមរយៈគ្រាប់រ៉ុក្កែត ស្ពេស អ៊ិច (SpaceX) កាលពីថ្ងៃសុក្រ សប្តាហ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

