គ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសហ្វីលីពីន បង្កឱ្យមានការជម្លៀស និងការព្រួយបារម្ភអំពីរលកយក្សស៊ូណាមិ

ម៉ានីល៖ ការជម្លៀសខ្លួនកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងនៃកោះមីនដាណាវ កាលពីយប់ថ្ងៃសៅរ៍ ខណៈគ្រោះរញ្ជួយដីកម្រិតខ្ពស់នេះទៀតសោតបង្កឱ្យមានក្តីព្រួយបារម្ភអំពីរលកយក្សស៊ូណាមិកើតឡើងនៅក្នុងប្រទេសហ្វីលីពីនផ្ទាល់ និងក្នុងប្រទេសជប៉ុន។

ជុំវិញក្តីបារម្ភនេះ ទីភ្នាក់ងារអាមេរិកមួយរូបបាននិយាយថា ហានិភ័យនៃរលកធំៗបានកន្លងផុតទៅហើយ បើទោះជាដំបូងឡើយប្រព័ន្ធតាមដានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានព្រមានថានឹងអាចមានការកើតឡើងនៃរលកកម្ពស់រហូតដល់ ៣ ម៉ែត្រ (១០ ហ្វីត) ពីលើកម្រិតទឹករលកខ្ពស់ធម្មតា។

ចំណែក វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន Phivolcs វិញបានអះអាងថា ហានិភ័យនៃរលកយក្សស៊ូណាមិនៅតែមាន។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនវិញ បានឱ្យដឹងថា រលកកើនឡើងកម្ពស់ ៤០ សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅលើកោះ Hachijojima របស់ប្រទេសជប៉ុន ចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ។

យ៉ាងណាមកទល់ពេលនេះ ការជម្លៀសខ្លួនកំពុងបន្តនៅក្នុងប្រទេសហ្វីលីពីន ខណៈមិនទាន់មានការរាយការណ៍បឋមអំពីការខូចខាតដែលបង្កឡើងដោយដោយរលកធំៗ ឬការស្លាប់បាត់បង់ជីវិត បើទោះបីជាមានការរញ្ជួយដីនៅតែបន្តកើតមានក៏ដោយ។

ស្របពេលជាមួយគ្នានេះដែរ វិទ្យាស្ថាន Phivolcs របស់ប្រទេសហ្វីលីពីន បានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រនៃខេត្ត Surigao Del Sur និងខេត្ត Davao Oriental ជម្លៀសខ្លួន ឬផ្លាស់ទីទៅឆ្ងាយក្នុងដីគោក។

លោក Raymark Gentallan មេប៉ូលីសនៃទីក្រុងឆ្នេរសមុទ្រ Hinatuan ចម្ងាយ ៣០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីដែលមានប្រជាជនរស់នៅប្រហែល ៤៤,០០០នាក់។

លោកបានបន្តថា សមត្ថកិច្ចកំពុងជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរ ដោយបន្ថែមក្រុមឆ្លើយតបគ្រោះមហ ន្តរាយចំណែកមិនទាន់មានអ្នកស្លាប់ ឬការខូចខាតនៅឡើយទេ ក៏ប៉ុន្តែថាមពលបានដាច់ទាំងស្រុងក្នុងតំបន់នេះចាប់តាំងពីការរញ្ជួយដីបានកើតឡើង។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកើតឡើងញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានភូមិសាស្ត្រស្ថិតនៅលើ តំបន់ «Ring of Fire» ជាខ្សែក្រវាត់នៃភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងមានសកម្មភាពរញ្ជួយដី៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner