គណបក្សឆន្ទៈខ្មែរ ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS ថា គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធមិត្តជាមួយគណបក្សភ្លើងទៀន គឺបានមកចុះបញ្ជីគណបក្សនយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយ គ.ជ.ប បានទទួលហើយ។ ឯកសារដែលដាក់សុំចុះបញ្ជី គឺគ.ជ.ប មានរយៈពេល៧ថ្ងៃ ដើម្បីពិនិត្យមើលអំពីភាពស្របច្បាប់ ហើយជាពិសេស គឺលក្ខខណ្ឌដែលជាឯកសារភ្ជាប់មកជាមួយនៅពាក្យសុំចុះបញ្ជីមុននឹងសម្រេចទទួលស្គាល់ជាផ្លូវការ។

ដោយឡែក អគ្គលេខាធិការរងគ.ជ.ប បានឱ្យដឹងបន្ថែមថា គណបក្សកម្លាំងជាតិ ក៏បានស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ។ មកដល់ត្រឹមថ្ងៃទី៤ ខែធ្នូនេះ គណបក្សកម្លាំងជាតិ មិនទាន់បានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គ.ជ.ប នៅឡើយទេ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ។ ក្នុងរយៈពេល១៥ថ្ងៃនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។ យោងតាមប្រតិទិននៃការបោះឆ្នោតគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

