មនុស្សជាងមួយម៉ឺននាក់ចូលរួមរត់ម៉ារ៉ាតុងក្នុងក្រុងអង្គរ (Video Inside)
អត្តពលករចម្រុះជាតិសាសន៍ប្រុសស្រីប្រមាណជាងមួយម៉ឺននាក់ បានចូលរួមក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៨ ឆ្នាំ២០២៣។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងក្រុងអង្គរ ខេត្តសៀមរាបនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៣ ធ្នូ និងចូលពីប្រទេសចំនួន៧៨ របស់សកលលោក ក្នុងនោះជនបរទេសដែលចូលរួមរត់ប្រណាំងមានចំនួន ៣ពាន់ ៦៥៤នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៣ធ្នូបញ្ជាក់ថា ការរៀបចំពិធីរត់ប្រណាំងម៉ារ៉ាតុងនោះ បានទទួលជោគជ័យ ដែលបានជួយផ្សព្វផ្សាយយ៉ាងខ្លាំង លើវិស័យទេសចរណ៍កម្ពុជា។
ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានថ្លែងបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ គឺជាព្រឹត្តិការណ៍កីឡា ដែលកម្ពុជាបានរៀបចំធ្វើតាំងពីឆ្នាំ១៩៩៦មក។
លោកបានថ្លែងបន្តថា សម្រាប់ការរៀបចំឆ្នាំទី២៨នាពេលនេះ គឺមានអ្នកចូលរួមសរុប ១ម៉ឺន ១៥៤នាក់ ដែលភាគច្រើនជនបរទេសដែលមកចូលរួម គឺមកពីទ្វីបអឺរ៉ុប និងមកពីអាមេរិកជាដើម។ លោក ថោង ខុន បានថ្លែងថា ក្រោមម្លប់ នៃសន្តិភាពរបស់ជាតិ, កម្ពុជាបានវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតនៅលើពិភពលោក។