សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង ។ សម្តេច បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា ហើយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤ ខាងមុខតទៅ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ក្នុងពេលជួបវិបត្ដិសង្គមជាយថាហេតុណាមួយកើតឡើងនាពេលខាងមុខ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេច ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នឹងខិតខំរកដំដោះស្រាយ និងគ្រប់វិធីសាស្រ្ដ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម និងភាគីពាក់ព័ន្ធ ដែលបានសហការគ្នា ខិតខំរៀបចំឯកសារគោលការណ៍ទាំងពីរនេះ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែងផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ