សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់លើជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់លើជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ដោយបន្តដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ស្របតាមគោលនយោបាយអាទិភាពទាំង៦ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បញ្ហាប្រឈមជាច្រើនដែលពិភពលោក និងតំបន់ បានជួបប្រទះ មានបញ្ហាសង្រ្គាម បញ្ហាធម្មជាតិ បញ្ហាជំងឺផ្សេងៗកើតឡើងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពពលរដ្ឋ ។

សម្តេចធិបតី បានបញ្ជាក់ថា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់ជួយជំនួយសង្គម ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ។

សម្ដេច បន្តថា អត្រាភាពក្រីក្រនៅកម្ពុជា បានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ឆ្នាំចុងក្រោយនេះ ជាពិសេស ចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមានជាង ១៧ភាគរយ ធ្លាក់មកក្រោម ១០ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនអាចធានាបានថា ពិភពលោក នឹងមានអ្វីកើតឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែលល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ ។

សូមបញ្ជាក់ថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននាពេលនេះជាគោលនយោបាយអាទិភាពទី៣របស់រាជរដ្ឋាភិបាល ពោល គឺប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ នៅពេលពលរដ្ឋជួបវិបត្តិ ឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គម និងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner