យន្តហោះដឹកអ្នកដំណើរ C919 ផលិតនៅចិន នឹងហោះហើរចេញក្រៅប្រទេសលើកដំបូង
ហុងកុង៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងស្រុកលើកដំបូងរបស់ចិន នឹងហោះហើរពីលើកំពង់ផែ Victoria របស់ទីក្រុងហុងកុង នាសប្តាហ៍ក្រោយ ដែលនេះជាផ្នែកមួយ នៃការតាំងបង្ហាញយន្តហោះលើកដំបូងនៅក្រៅប្រទេសចិន។
យន្តហោះ C919 បានហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួននៅក្នុងខែឧសភា។
យន្តហោះនេះជាមហិច្ឆតារបស់ចិនជាច្រើនទសវត្សរ៍មកហើយ ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងលោកខាងលិចផ្នែកអាកាសចរណ៍ ក៏ដូចជាកាត់បន្ថយការពឹងផ្អែករបស់ចិនលើបច្ចេកវិទ្យាបរទេស។ មេដឹកនាំទីក្រុងហុងកុង លោក ចន លី បានប្រកាសនៅថ្ងៃអង្គារនេះថា យន្តហោះដែលផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិន (COMAC) នឹងត្រូវដាក់តាំងបង្ហាញនៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុងចាប់ពីថ្ងៃទី១២ ដល់១៧ ខែធ្នូនេះ។
លោក លី បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គាត់ជាមួយអ្នកសារព័ត៌មានថា នៅថ្ងៃទី១៦ ខែធ្នូ យន្តហោះ C919 នឹងធ្វើការហោះហើរពីលើកំពង់ផែ Victoria។ លោក លី បន្ថែមថា ចិនបានជ្រើសរើសហុងកុង ជាទីក្រុងដំបូងគេសម្រាប់ការដាក់តាំងបង្ហាញយន្តហោះ C919 នៅក្រៅប្រទេស។
គួរបញ្ជាក់ថា ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើន ក្នុងការផលិតយន្តហោះ C919។ យន្តហោះនេះបានចាប់ផ្តើមអភិវឌ្ឍដំបូងក្នុងឆ្នាំ ២០០៨ ប៉ុន្តែទើបតែទទួលបានការបញ្ជាក់ជាផ្លូវការ ក្នុងការហោះហើរកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះនេះ នឹងអាចប្រកួតប្រជែងជាមួយម៉ូដែលបរទេសដូចជា Boeing 737 MAX និង Airbus A320 បើទោះបីជាផ្នែកជាច្រើនរបស់វាមានប្រភពមកពីបរទេសក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា