គោលនយោបាយ នៃអាទិភាពចុងក្រោយទាំង៦ សម្រាប់ឆ្នាំ២០២៣ ត្រូវបានប្រកាសអនុវត្ត (Video Inside)

គោលនយោបាយអាទិភាពចុងក្រោយមួយក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការហើយនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាប់ដំណើរការលើកដំបូងរបស់ខ្លួន នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាចំណុចអាទិភាព «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ដែលបានចែងក្នុងចំណុចទី៣ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះហើយ។

សម្តេចធិបតីថ្លែងថា គោលនយោបាយជាតិគាំពារសង្គម ដែលត្រូវបានដាក់ឱ្យអនុវត្ត គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង។ សម្តេចបានថ្លែងបន្តថា ការជួយតិច ឬជួយច្រើន គឺរាជរដ្ឋាភិបាលត្រូវតែជួយយោងតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋចោលនោះឡើយ។

កម្មវិធីជាតិជំនួយសង្គម នឹងត្រូវអនុវត្តក្នុងកញ្ចប់គ្រួសារ និងត្រូវអនុវត្តលើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ads banner