សហភាពសហព័ន្ធយុវជន កម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ វីង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជន
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួន អាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានា ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង ក្រោមអធិបតីភាព និងសក្ខីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖ ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ នឹងផ្តល់ឲ្យសមាជិក ស.ស.យ.ក នូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគត ។
ឯកឧត្តមបន្តថា អនុស្សរណៈនេះ មានគោលបំណងសិក្សាស្វែងរកឱកាសក្នុងការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅដល់សមាជិក ស.ស.យ.ក ការជួយសម្របសម្រួលកម្មសិក្សានៅធនាគារវីង ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមដើម្បីជួយទៅដល់យុវជនជាច្រើនផ្សេងទៀត ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ អនុស្សរណៈនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយពង្រឹងសមត្ថភាពទៅដល់យុវជនកម្ពុជាផងដែរ ហើយតាមរយៈគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានសមត្ថភាពរឹងមាំ ។
ឯកឧត្តម ប្រធាន ស.ស.យ.ក បានបញ្ជាក់ថា កិច្ចសហការរវាងធនាគារ វីង និង ស.ស.យ.ក គឺជាកម្លាំងសាមគ្គីដោយឈរលើចក្ខុវិស័យរួម តាមរយៈការប្រើប្រាស់ជំនាញនៃស្ថាប័នទាំងពីរ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍ឲ្យបានកាន់តែប្រសើរឡើង ។ ស.ស.យ.ក មានការប្តេជ្ញាចិត្តក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹង និងជំនាញចាំបាច់នានា ដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ក្នុងការជួយរក្សានិរន្តរភាពសមិទ្ធផលកន្លងមក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ







