ទីភ្នាក់ងារវាយតម្លៃឥណទានទម្លាក់ចំណាត់ថ្នាក់ចិនទៅជាប្រទេស «អវិជ្ជមាន»
ប៉េកាំង៖ទីភ្នាក់ងារវាយតម្លៃឥណទាន ឬហៅថាក្រុមហ៊ុន Moody’s បានធ្វើការទម្លាក់ចំណាត់ថ្នាក់នៃលទ្ធភាពរបស់ប្រទេសចិនក្នុងការទូទាត់សងប្រាក់កម្ចីរបស់រដ្ឋាភិបាលពីចំណាត់ថ្នាក់ «ស្ថិរភាព» ទៅជា«អវិជ្ជមាន»។ ទីភ្នាក់ងារវាយតម្លៃឥណទានមួយនេះបានលើកឡើងថា ផលប៉ះពាល់ពីវិបត្តិនៅក្នុងវិស័យអចលនទ្រព្យចិននឹងធ្វើឱ្យល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញមានភាពយឺតយ៉ាវ។
ក្រុមហ៊ុន Moody’s បានព្រមានថា ទីក្រុងប៉េកាំងប្រហែលជាត្រូវដាក់ចេញនូវកញ្ចប់ថវិកាដើម្បីជួយសង្គ្រោះដល់ក្រុមហ៊ុនក្នុងស្រុក និងតំបន់ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលកំពុងប្រឈមមុខនឹងបំណុលកើនឡើង និងដែលអាចរារាំងដល់ការវិនិយោគ ព្រមទាំងកំណើនសេដ្ឋកិច្ចចិនទាំងមូល។
ការផ្លាស់ប្តូរចំណាត់ថ្នាក់មូលបត្របំណុលរបស់ចិនពី «ស្ថិរភាព» ទៅជា «អវិជ្ជមាន» គឺជាការផ្ដល់សញ្ញាមួយទៅដល់ម្ចាស់បំណុលទាំងអស់ថា រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងគ្មានលទ្ធភាពសងប្រាក់កម្ចីទៅកាន់ពួកគេវិញនោះទេ។ យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុចិនបានសម្តែងការខកចិត្ត ដោយបញ្ជាក់ថា ការព្រួយបារម្ភរបស់ក្រុមហ៊ុន Moody’s គឺជារឿងដែលមិនចាំបាច់នោះទេ ដោយសារសេដ្ឋកិច្ចចិនកំពុងងើបឡើងវិញជាលំដាប់ហើយ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោកនេះ បានចាប់ផ្ដើមធ្លាក់ចុះចាប់តាំងពីមុនឆ្នាំ២០២០ មកម៉្លេះ ពោលគឺមុនពេលរដ្ឋាភិបាលដាក់ចេញវិធានការ បញ្ឈប់ការខ្ចីប្រាក់ច្រើនហួសហេតុនៅក្នុងវិស័យអចលនទ្រព្យ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនមិនសងបំណុល។ វិបត្តិអចលនទ្រព្យ ក៏បានដាក់សម្ពាធផងដែរទៅដល់ស្ថានភាពហិរញ្ញវត្ថុរបស់អាជ្ញាធរចិននៅមូលដ្ឋាន និងធ្វើឱ្យក្រុមហ៊ុនរបស់រដ្ឋចិនកាន់តែពិបាកក្នុងការទទួលបានប្រាក់កម្ចីពីម្ចាស់បំណុល។
ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ បានទទួលការពន្យារពេលរហូតដល់ចុងខែមករា ឆ្នាំ២០២៤ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ដើម្បីជៀសវាងការប្រកាសក្ស័យធន។ ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន Evergrande បានជំពាក់បំណុលជាង ៣០០ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនជំពាក់អ្នកទិញផ្ទះ ឬខុនដូ ដោយសារក្រុមហ៊ុនគ្មានលទ្ធភាពសាងសង់ឱ្យពួកគេបានរួចរាល់។
ក្រុមហ៊ុន Moody’s បានរំលេចថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការជួយដល់វិស័យដែលកំពុងជួបការលំបាក ដើម្បីរក្សាស្ថិរភាព ក៏អាចមានផលប៉ះពាល់អវិជ្ជមានដល់ភាពរឹងមាំផ្នែកសារពើពន្ធ សេដ្ឋកិច្ច និងស្ថាប័នទាំងមូលរបស់ប្រទេស។ លើសពីនេះទៀត ពួកគេបានសង្កត់ធ្ងន់ថាការផ្លាស់ប្តូរនៅក្នុងវិស័យអចលនទ្រព្យអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិនច្រើនជាងការរំពឹងទុក។
ក្រុមហ៊ុន Moody’s បានព្យាករណ៍ថា នៅពេលប្រជាជនចិនកាន់តែមានវ័យចាស់ កត្តាដូចជាការចុះខ្សោយនៃប្រជាសាស្រ្តនឹងអាចបណ្តាលឱ្យមានការថយចុះនៃកំណើនសេដ្ឋកិច្ចនៅត្រឹមប្រហែល ៣,៥% ប៉ុណ្ណោះនៅឆ្នាំ២០៣០។
គួរកត់សម្គាល់ថា ការស្ទុះងើបឡើងវិញរបស់ប្រទេសចិនពីជំងឺរាតត្បាតកូវីដ១៩ មានការយឺតយ៉ាវនៅឆ្នាំនេះ។ ដំបូងឡើយ សកម្មភាពសេដ្ឋកិច្ចចិនហាក់មានការកើនឡើងខ្លះ ដែលមួយផ្នែកគឺដោយសារតែការនាំចេញធ្យូងថ្មទៅរុស្ស៊ី ជំនួសឱ្យឧស្ម័នដែលត្រូវបានហាមឃាត់ដោយលោកខាងលិច។
ក្រុមហ៊ុន Moody’s ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៤% ជារៀងរាល់ឆ្នាំនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលទាបជាងកំណើនជាមធ្យមរបស់ខ្លួនពី ៦% ទៅ ៧% ក្នុងទសវត្សរ៍មុនវិបត្តិកូវីដ១៩។ ការណ៍នេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោកអំពីកម្រិតបំណុលខ្ពស់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Moody’s នៅតែបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ប្រទេសចិននៅកម្រិត A1 ដែលជាកម្រិតទី៥ ប៉ុន្តែបានទម្លាក់ចំណាត់ថ្នាក់ទៅជា “អវិជ្ជមាន”។ នេះមានន័យថាភាពគួរឱ្យទុកចិត្តរបស់ចិននៅតែត្រូវបានគេចាត់ទុកថាមានភាពរឹងមាំ ប៉ុន្តែក៏អាចនឹងត្រូវបានទម្លាក់ចំណាត់ថ្នាក់បន្ថែមទៀតនៅពេលអនាគត។ គួរដឹងដែរថា ការធ្លាក់ចុះតម្លៃភាគហ៊ុនក្នុងប្រទេសចិនកាលពីថ្ងៃអង្គារ ក៏ទំនងជាការប្រតិកម្មចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Moody’s នេះផងដែរ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ The Guardian Moody’s cuts China credit outlook to negative as economy slows