សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តនិងលើកកម្ពស់បន្ថែមទៀតនូវបាវចនា៥ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មកដល់អាណត្តិថ្មី អាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខ ក៏នៅតែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា៥ពាក្យ គឺ«ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» ហើយប្រាកដណាស់ បើយើង ឆ្លុះកញ្ចក់ -ងូត ទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមយើង និងយើងម្នាក់ៗ នឹងបន្តទទួលបានភាព ស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ឱ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ យើងរារាំងភ្លាម។ នេះបើយោងតាមសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៧នេះ សូមបន្តវរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោត លើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្ដោត អាទិភាព លើការងារទាំង៥ ដូចខាងក្រោម៖
ទី១-ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។
ទី២-ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ចនិងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។
ទី៣-ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។
ទី៤-ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។
ទី៥-ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមស្ថាប័នសាធារណៈ។

រាជរដ្ឋាភិបាលក៏សូមកោតសរសើរដល់រាល់ការប្រឹងប្រែងរែកពុនភារកិច្ចជាតិ-អន្តរជាតិ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញកន្លងមក ដោយនាំមកនូវទំនុកចិត្ត ការគាំទ្រ និងការចូលរួមដ៏កុះករពីសំណាក់ ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមហាជនទូទៅ យ៉ាងរឹងមាំ។

ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាលជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា អ.ស.ប ស្ដីពីការប្រឆាំងអំពើពុករលួយ សូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះទិវាប្រឆាំងអំពើពុករលួយ៩ ធ្នូ ដែលជាទិវាអន្តរជាតិ និងជាទិវាមួយរបស់ជាតិយើង ហើយសូមចូលរួមជាមួយគ្រប់ស្ថាប័នជាតិ ជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប្រែក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល។ សម្តេចធិបតីបានបន្តថា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រះរាជាណាចក្រកម្ពុជា មិនមែនជារដ្ឋតែឯង ដើម្បីបំពេញនូវបេសកកម្មនេះឡើយ។ អ៊ុនកាក់តែងតែបញ្ជួននូវអ្នកជំនាញមកកម្ពុជា ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ អំពីក្របខ័ណ្ឌច្បាប់ ការចាត់តាំងអនុវត្តច្បាប់ និងការអនុវត្តនូវកាតព្វកិច្ច ដែល អ៊ុនកាក់ បានដាក់ចេញ។ ជាមួយគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ចូនថ្នាក់ដឹកនាំរបស់ខ្លួនជាអ្នកជំនាញ ក្រោមឆ័ត្រអ៊ុនតាក់ ទៅត្រួតពិនិត្យការងារប្រឆាំងអំពើពុករលួយនៅប្រទេសនានា មានទាំងប្រទេសនៅទ្វីបអ៊ឺរ៉ុប ទ្វីបអាស៊ី មជ្ឈិមបូព៌ា…។

សម្រាប់ក្នុងប្រទេសវិញ ក៏មិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯង ដែលបំពេញនូវ បេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយនោះដែរ។ រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល៦អាណត្តិ កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការ ១) ការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ២) ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាចពុករលួយ ៣) ការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ។ រាជរដ្ឋាភិបាលសម្តេចតេជោ អាណត្តិ ទី៤ នាឆ្នាំ ២០១០ បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រដែលនោះគឺជាការអនុម័តបាននូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការបង្កើតនូវស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមានអង្គចំនួន ២ គឺ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ។ រាជរដ្ឋាភិបាល សម្តេចតេជោ បានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំកម្ពុជា ក្លាយជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយសង្គតិភាព ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ បាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយយល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់៥ពាក្យរបស់សម្ដេចតេជោ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» បានបញ្ជ្រាបចូលយ៉ាងឆាប់រហ័សដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់៕
ដោយ៖ពលជ័យ

ads banner