កម្ពុជា និងអៀរឡង់ ប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី
ភ្នំពេញ៖ កម្ពុជា និងអៀរឡង់ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ ការអះអាងនេះ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបពិភាក្សានេះ បន្ទាប់ពីលោកជំទាវឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួប ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។ ចំណែកលោកជំទាវ Deirdre Ní Fhallúin បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស
