សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភាឡាវ វៀតណាម ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់ CLV
(ឡាវ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយជោគជ័យ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងបីប្រទេសដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងបី។

លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។

កិច្ចប្រជុំ មានការចូលរួមពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលសរុបចំនួនប្រមាណ ៣០០នាក់។

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ គឺជាការតម្លើងការជួបប្រជុំគ្នារវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិតគណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា គំាទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តាមរយៈការលើកកម្ពស់យន្តការសភានៃប្រទេសទំាងបី ឱ្យកាន់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការពង្រឹងយន្តការសភាក្នុងការចូលរួមដល់គម្រោងអភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់ នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (Micro, Small and Medium-sized Enterprises “MSME” និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។

តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន ៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត។
កិច្ចប្រជុំកំពូលសភា CLV បានវាយតម្លៃខ្ពស់លើសមិទ្ធផលទំាងឡាយដែលរដ្ឋាភិបាលប្រទេសទំាងបី បានសម្រេចកន្លងមក ទំាងបទដ្ឋានគតិយុត្តិ គោលនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។ នៅក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំបានពិភាក្សា និងស្តាប់របាយការណ៍ ពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលបានអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ។
នៅពេលបិទកិច្ចប្រជុំ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ នៅពេលនោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Statement) នៃលទ្ធផលកិច្ចប្រជុំ។ នៅឆ្នាំ២០២៥ រដ្ឋសភាប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសភា CLV លើកទី២ ៕
ដោយ ៖ ហេង សម្បត្តិ