ស្រុកចំនួន១០របស់ខេត្តបាត់ដំបង ទទួលបានជាបន្តបន្ទាប់នូវស្បៀងបម្រុងនិងស្រូវពូជ ពីរាជរដ្ឋាភិបាលកម្ពុជា

បាត់ដំបង៖ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលខេត្តបាត់ដំបងបានទទួលកញ្ចប់ស្បៀងបម្រុងនិងស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានចុះចែកចំនួន ១០ស្រុក ក្នុងចំណោមស្រុក-ក្រុង ចំនួន១៣ ដែលប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង បានស្នើសុំទៅថ្នាក់ជាតិ ដើម្បីឆ្លើយតប និងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រកំពុងជួបការលំបាក និងដោះស្រាយជូនពួក គាត់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក និងដើម្បីផ្តល់ពូជស្រូវដល់បងប្អូន ទាំងនោះ យកទៅធ្វើការស្តារនិងដាំដុះឡើងវិញឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន ២៦៨គ្រួសារ ក្នុងស្រុកឯកភ្នំឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ខែធ្នូនេះ អាជ្ញាធរខេត្តបាត់ដំបង បានទទួលស្បៀង និងស្រូវពូជ និងបានចុះចែកជាបន្តបន្ទាប់ ជូនដល់បង ប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦ ៧១១គ្រសារ។ ដោយឡែកគ្រួសារដែលទទួលបានពូជស្រូវ ដើម្បីយកទៅដាំដុះឡើងវិញ មានចំនួន ៧៥០គ្រួសារ និងគ្រួសារត្រូវទទួលបានស្បៀងមានចំនួន ៥ ៩៦១គ្រួសារ។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមថាស្បៀង និងស្រូវពូជដែលចែកកន្លងមកនេះ គឺសម្រាប់ដោះស្រាយឆ្លើយតបជូនបងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះរាំងស្ងួតកន្លងមកសម្រាប់ឆ្នាំ២០២៣នេះ។ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ, មី,ទឹកត្រី ,ទឹកសីអ៉ីវ,ត្រីនិងទឹកសុទ្ធ។ ដោយឡែកស្រូវពូជ ផ្តល់ជូនចំពោះអ្នកដែលមានស្រែនិងមានលទ្ធភាពក្នុងការស្តារដាំដុះស្រូវឡើងវិញបានតែប៉ុណ្ណោះ ដោយក្នុងមួយ គ្រួសារ ពូជស្រូវ ចំនួន៤ការុង ស្មើ១០០គីឡូក្រាម។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពូជា បានផ្តល់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបជូនបងប្អូនមានជីវភាពក្រីក្រខ្វះខាតលំបាកខ្លាំង ដែលបងប្អូនបានរងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀងរហ័សកន្លងមក និងបងប្អូនដែលរងគ្រោះជួបប្រទះ និងគ្រោះរាំងស្ងួតកន្លងមកផងដែរ ដើម្បីជួយសម្រាលក្នុងការដោះស្រាយពីការលំបាកចាំបាច់ឆ្លើយតបជាបន្ទាន់ជូនដល់បងប្អូននៅថ្ងៃនេះ ហើយស្រូវពូជដែលផ្តល់ជូននៅពេលនេះ គឺដើម្បីឲ្យបងប្អូនយកទៅធ្វើការដាំដុះ និងស្តារឡើងវិញបានទាន់ពេលវេលា មិនមែនឲ្យយកទៅកិនហូបនោះទេ៕ (អត្ថបទ-៖ អ៊ុក សំអាន បប)

ads banner