អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានផ្តល់ផ្ទះចំនួន ៣៥គ្រួសារ ដល់គ្រួសារងាយរងគ្រោះ ក្រោយបិទបញ្ចប់ការអនុវត្តគម្រោង នៅក្នុងឃុំគោលដៅរបស់ខ្លួន

បាត់ដំបង៖ ចាប់តាំងពីខែមករាឆ្នាំ២០២១ដល់ខែធ្នូឆ្នាំ ២០២៣អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានផ្តោតលើកម្មវិធីសំខាន់ៗចំនួនបីរបស់ខ្លួនត្រូវបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ។សកម្មភាពរបស់អង្គការជា ផ្នែកមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រាក់ចំណូលដល់បង ប្អូនក្នុង សហគមន៍គោលដៅ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ថ្លែងក្នុងពិធីបិទបញ្ចប់គម្រោង របស់ខ្លួនលោកស្រី ប៊ឺណាដែត បូឡូឌ្យូធី នាយិកាអង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិប្រចាំតំបន់មេគង្គនិងជា នាយិកា នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានលើកឡើងថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានសម្រេចបាននូវលទ្ធផលសំខាន់ៗរួមចំណែកជាមួយរាជរដ្ឋាភិបាល,អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្ទាល់ និងគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងឃុំព្រែកហ្លួងនិងស្របតាមយុទ្ធសាស្ត្រសាងសង់និងមានការទាក់ទាញពីដៃគូរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាហើយគម្រោងរបស់យើងមិនត្រឹមតែផ្តល់ផ្ទះដែលមានភាពធន់ចំនួន៣៥ខ្នងប៉ុណ្ណោះទេ។ប៉ុន្តែថែម ទាំង ជួយជំរុញដល់សហគមន៍តាមរយៈការដាំដំណាំដែលសម្របទៅនឹងអាកាសធាតុ និងការបណ្តុះ បណ្តាលការ គ្រប់គ្រងគ្រោះមហន្តរាយផងដែរ ហើយលទ្ធផល ទាំង នេះស្របយ៉ាងរលូន ជាមួយនឹងចក្ខុវិស័យរបស់ អង្គការ លំនៅឋានមនុស្សជាតិកម្ពុជាសម្រាប់សហគមន៍ប្រកបដោយនិរន្តរភាព និងរឹងមាំ។

តាមការឱ្យដឹងពីលោក អ៊ុ ភឿនប្រធានកម្មវិធីគម្រោង អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីដំណើរការអនុវត្តរហូតមកដល់ ថ្ងៃ បិទ បញ្ចប់គម្រោង អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានអនុវត្តនៅក្នុងភូមិទាំង៧របស់ឃុំព្រែកហ្លួង ស្រុក ឯកភ្នំក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្ទាល់និងការិយាល័យកសិកម្មស្រុក រដ្ឋបាលស្រុក ឯកភ្នំ ព្រមទាំងអ្នកពាក់ ព័ន្ធផ្សេងៗទៀតហើយគម្រោងនេះ ក៏បានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវភាពធន់របស់ប្រជាជននៅក្នុងឃុំព្រែកហ្លួងផងដែរ។

ដោយឡែកប្រជាពលរដ្ឋក្នុងសហគមន៍ដែលជាអ្នកទទួលផលពីគម្រោងខាងលើនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណដល់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាដែលបានផ្ដល់ផ្ទះផ្តល់ការបណ្ដុះបណ្ដាលនូវជំនាញកសិកម្មឆ្លាតវៃដែលបន្សាំទៅនឹងអាកាសធាតុ ដែលធ្វើឱ្យស្ថានភាពនិងជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរឡើងជាបន្តបន្ទាប់ ។
សូមជម្រាបថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជាគឺជាផ្នែកមួយនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិដែលបានចាប់ផ្តើមធ្វើប្រតិ
បត្តិការនៅកម្ពុជានាអំឡុងឆ្នាំ២០០៣ ដោយធ្វើការជាមួយក្រុមចម្រុះនៃអង្គការជាតិ និងអន្តរជាតិ ស្ថាប័នមីក្រូហិរញ្ញវត្ថុ រួមនិងដៃគូក្នុងវិស័យឯកជននានា អាជ្ញាធរមូលដ្ឋាននិងថ្នាក់ជាតិផងដែរ។រហូតមកដល់ពេលនេះអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានជួយប្រជាពលរដ្ឋកម្ពុជាជាង១៧ម៉ឺនគ្រួសារ ដើម្បីកសាងជីវិតកាន់តែប្រសើរឡើងតាមរយៈនៃការផ្តល់ផ្ទះដែលមានសុវត្ថិភាព និងតម្លៃសមរម្យជូនគ្រួសារដែលមានលក្ខណៈសមស្របរបស់គម្រោង៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner