«វេទិកាស្វាយចន្ទី» ក្នុងខេត្តកំពង់ធំ នឹងជួយជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតបានរៀបចំ«វេទិកាស្វាយចន្ទី» នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» ក្នុងរយៈពេល២ គឺថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងកសិកម្ម បានប្រកាសឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូថា វេទិការនេះ រៀបចំឡើងនៅខេត្តកំពង់ធំ ដើម្បីផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។

ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត បានថ្លែងនាពិធីបើកវេទិកានេះថា នេះជាវេទិកាប្រវត្តិសាស្ត្រមួយ សម្រាប់កម្ពុជា និងសម្រាប់ទាំងអស់គា្ន ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះ នៅលើទីផ្សារជាតិនិងអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២ -២០២៧ ដែលមានចក្ខុវិស័យ អភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ឌីបានបញ្ជាក់ថានៅក្នុងចក្ខុវិស័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាន តួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសមត្ថភាពផលិតកម្ម រៀបចំបង្កើតស្តង់ដារ រៀបចំនីតិវិធីវាយតម្លៃនិងអនុវត្តស្តង់ដារ ផលិតផលស្វាយចន្ទី លើកកំពស់ផលិតភាពការនាំចេញ ដោយធានានូវគុណភាព និងសុវត្ថិភាពក្នុងកម្រិតអប្បរមា ស្របតាមស្ដង់ដារប្រព័ន្ធគ្រប់គ្រងគុណភាពនិងស្តង់ដារប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ និងស្របទៅតាមការតម្រូវរបស់ទីផ្សារ។

ជាមួយគ្នានោះឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងដែរថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសរីរាង្គតាមបែបប្រពៃណី។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀបធៀបជាមួយនឹង ដំណាំផ្សេងទៀត ហើយដំណាំនេះត្រូវការទឹកតិចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្រម ទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា»។

ចំណែក រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន បានឱ្យដឹងដែរថា វេទិកានេះត្រូវបានការចូលរួម សហការរៀបចំឡើងពីក្រសួងទាំងបីដែលពាក់ព័ន្ធផ្ទាល់ក្នុងខ្សែច្រវាក់ស្វាយចន្ទី ដែលស្របតាមយុទ្ធសាស្ត ទាំងបីដែលបានដាក់ចេញនៅក្នុងគោលនយោបាយរួមមាន យុទ្ធសាស្ត្រក្នុងការផលិត កែច្នៃ និងការនាំចេញ។

ឯកឧត្តម កឹម ស៊ីថន បានថ្លែងថា ៖ «វេទិកាស្វាយចន្ទីនេះ ជាវេទិកាដែលមានសារៈសំខាន់ ដោយបានប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នុង វិស័យស្វាយចន្ទី និងផ្តល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធអាចចូលរួមតាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ និងការផ្គូរផ្គងធុរកិច្ច និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាព ជោគជ័យ ជាដើម ដែលទាំងនេះគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលសា្វយចន្ទីកម្ពុជា»។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមរយៈការចេញវិញ្ញាបនបត្រនាំចេញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ៤១៥ ៩៣៩,៦៨ តោន ថយចុះ ១១,៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

តែបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទី ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញសរុបចំនួន ៦១ម៉ឺនតោន ថយចុះ១៦ភាគរយ ទាំងការស្នើ និងមិនបានស្នើវិញ្ញាបនបត្រនាំចេញ។ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីនៅទៅកាន់ប្រទេសដូចជា៖ ប្រទេសចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម ថៃ តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខែតុលាគឺប្រមាណ ១ ៩០០ ដុល្លារ ក្នុងមួយតោន។

បច្ចុប្បន្នខេត្តដែលបានដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ ២,៣៨ លានហិកតា។

បច្ចុប្បន្ននេះ ផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ បានដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា សរុបមានចំនួនជាង ១៥០ ពាន់ហិកតា៕ ដោយ៖ វណ្ណ សុជាតា

ads banner