សារមន្ទីរខេត្តបាត់ដំបង នឹងចាប់ផ្តើមលក់សំបុត្រចូលទស្សនា ចាប់ពីដើមឆ្នាំ២០២៤ ខាងមុខនេះ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា មន្ទីរវប្បធម៌នឹងធ្វើការលក់សំបុត្រចូលទស្សនាសារមន្ទីរខេត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដើម្បីប្រមូលចំណូលស្របតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការប្រមូលចំណូលពីការផ្តល់សេវាចូលទស្សនា សារមន្ទីរខេត្តបាត់ដំបង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះហត្ថលេខាដោយលោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបងដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា មន្ទីរវប្បធម៌ខេត្ត នឹងធ្វើការលក់សំបុត្រចូលទស្សនា សារមន្ទីរខេត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដែលសម្រាប់ភ្ញៀវជាជនជាតិខ្មែរនឹងមិនគិតថ្លៃនោះទេ។ សម្រាប់ភ្ញៀវបរទេស ដែលមានអាយុក្រោម១០ឆ្នាំ អាចចូលទស្សនាដោយឥតគិតថ្លៃ។ រីឯជនបរទេសដែលមានអយុ ចាប់ពី១០ ឡើងទៅ យកថ្លៃសំបុត្រមួយតម្លៃ ១២ ០០០ រៀល ដោយមានសុពលភាពត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»។

សូមរម្លឹកដែរថា សារមន្ទីរខេត្តបាត់ដំបង បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង (Yieng) ដែលជាស្ថាបត្យករ ប្រចាំខេត្តបាត់ដំបង និងធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូន នាសម័យនោះ។ សារមន្ទីរខេត្តបាត់ដំបង មានផ្នែកទស្សនាជាច្រើនផ្សេងៗគ្នា ក្នុងនោះរួមមាន វប្បធម៌, សិល្បៈ, ចម្លាក់ និងសំណង់ស្ថាបត្យកម្មជាច្រើនទៀត។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូថា ការបើកដំណើរការរលក់សំបុត្រឱ្យចូលទស្សនាសារមន្ទីរខេត្តនេះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាកាន់តែច្រើនចូលមកទស្សនាខេត្តបាត់ដំបង។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «សារមន្ទីរខេត្តបាត់ដំបង ត្រូវបានបិទមួយរយៈ ដោយសារតែមិនមានភ្ញៀវទេសចរ និងដើម្បីធ្វើការជួសជុលនៅទីតាំងមួយចំនួនផងដែរ។ តាមផែនការរបស់ខេត្ត យើងនឹងប្រែក្លាយសារមន្ទីរនេះ ទៅជាសារមន្ទីរឆ្លាតវៃ (Smart Museum) នៅពេលអនាគត ប៉ុន្តែពេលនេះ មិនទាន់បានធ្វើទេ តែយើងដាក់ឱ្យភ្ញៀវចូលទស្សនាសិន»។

សូមបញ្ជាក់ថា សារមន្ទីរខេត្តបាត់ដំបង មានទីតាំងស្ថិតនៅតាមដងផ្លូវលេខ១ ខាងជើងវិមានឯករាជ្យប្រហែល ១០០ម៉ែត្រ ចំកណ្ដាលក្រុងបាត់ដំបង ដែលជាសំណង់បុរាណមួយ ក្នុងចំណោមសំណង់បុរាណជាច្រើនទៀតក្នុងខេត្តបាត់ដំបងនេះ។

យោងតាមឯកសារនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា សារមន្ទីរខេត្តបាត់ដំបង ត្រូវបានជួសជុល ផ្នែកខ្លះនៃអាគារ ដែលបានបាក់បែកដោយសារសង្គ្រាម ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ ១៩៩៧។ រហូតដល់ឆ្នាំ២០០៩ រដ្ឋាភិបាល បានបង្កើតបន្ទប់តាំងពិព័រណ៍បន្ថែមទៀត។ មកដល់ឆ្នាំ២០១៥ ក្រសួងរប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការមិត្តវប្បធម៌ខ្មែរ រៀបចំការតាំងពិព័រណ៍ នៅសារមន្ទីរនេះជាថ្មីម្ដងទៀត។

បច្ចុប្បន្ន សារមន្ទីរខេត្តបាត់ដំបង ក្លាយជាទីតាំងទេសចរណ៍ ដែលមានការរួមបញ្ចូលប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងអត្តសញ្ញាណខេត្តបាត់ដំបងជាច្រើន។ សក្តានុពលដែលធ្វើឱ្យទេសចរអន្តរជាតិចាប់អារម្មណ៍សារមន្ទីរនេះ គឺស្ថាបត្យកម្មបុរាណខ្មែរ ចម្លាក់បុរាណ វត្ថុបុរាណ និងសាលសិល្បៈ ក្នុងសារមន្ទីរនេះ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner