គណៈកម្មការរដ្ឋបាលដីធ្លី បិទផ្សាយឯកសារកម្មសិទ្ធសាធារណៈចំនួន ៥០០២ក្បាលដី នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញ៖ គណៈកម្មាការរដ្ឋបាលដីធ្លីរាជធានីភ្នំពេញបានបំពេញការងារបច្ចេកទេសរបស់ខ្លួន លើក្បាលដីចំនួន៥០០២ ដែលជាម្ចាស់កម្មសិទ្ធរបស់ប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានរៀបចំបិទផ្សាយឯកសារកម្មសិទ្ធជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សុឈី អនុប្រធានមន្ទីរទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លី តំណាងឲ្យ លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី រាជធានីភ្នំពេញព្រមទាំងមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់។
លោក ប៊ិន សុឈី បានគូសបញ្ជាក់ថាការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ ណាស់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)នោះ។លោកបានបន្តថាអាជ្ញាធររដ្ឋបាលដីធ្លី បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
លោក ប៊ិន សុឈី លើកឡើងថានីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាម ដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
ក្នុងឪកាសនោះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្រុមការងារដែលបាន ប្រឹងប្រែងក្នុងដំណើរការចុះ បញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វី ឡើយនឹង បានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់រួម និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធី នៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។
លោកស្រីអភិបាល បញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ក្រោយការបិទផ្សាយនេះទៅ ដូច្នះសូមបងប្អូនដែលជាម្ចាស់កម្មសិទ្ធទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ



