គ.ជ.អ.ប បើកចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ភ្នំពេញ៖លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមដល់មន្រ្តីពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ កិច្ចប្រជុំនេះបានសហការរៀបចំជាមួយអង្គការ Internews និងមានការចូលរួមពីមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងធនាគារពិភពលោក តំណាងអង្គការទស្សនពិភពលោក តំណាងទីភ្នាក់ងារសហរដ្ឋអាមរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងតំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត។
នេះបើតាមហ្វេសប៊ុមរបស់ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ចាន់ សុធា បានលើកឡើងថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច និងជាកំណែទម្រង់ស្នូលមួយ ដែលមានគោលបំណងលើកកម្ពស់ការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងអាចឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ គឺធ្វើឡើងតាមរយៈការលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅរួមគ្នាដោះស្រាយសំណូមពរ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ»។
លោកបញ្ជាក់ថាផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់នេះជាកំណែទម្រង់ដ៏មានសារៈសំខាន់ និងចាំបាច់ដែលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង។ កំណែទម្រង់គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាកំណែទម្រង់មានសារៈសំខាន់ និងចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង ដោយបានចាប់ផ្ដើមពីការបោះឆ្នោតជ្រើរសើក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២។
ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ការអនុវត្តកំណែទម្រង់សម្រេចបាននូវសមិទ្ធផលចម្បងៗ រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ ការទទួលខុសត្រូវទៅឱ្យថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយន្តការដឹកនាំ និងការសម្របសម្រួលអនុវត្តនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស។
គួរជម្រាបថា ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញនូវឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋាននៅប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយភាពស័ក្តិសិទ្ធិ។ បន្ថែមពីនេះ ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងក្រុមប្រជាពលរដ្ឋនានានៅក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន៕
ដោយ៖ សុខ រក្សា
