មន្ត្រីនគរបាលជាតិ ២៥រាជធានី-ខេត្ត ទទួលចំណេះដឹងពីការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍តាមបច្ចេកវិទ្យាថ្មី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមបច្ចេកវិទ្យាជំនាន់ថ្មី ទៅដល់មន្ត្រីនគរបាល ទាំង ២៥រាជធានីខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ មានសិក្ខាកាមចូលរួមជិត ២៧០នាក់ មកពីអធិការដ្ឋាន និងស្នងការដ្ឋាននគរបាលជាតិ ទាំង២៥រាជធានីខេត្ត។

ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពមន្រី្តក្នុងការប្រតិបតិ្តការងាររឹតបន្តឹងអនុវត្តច្បាប់លើការប្រើប្រាស់ឧបករណ៍ និងកម្មវិធីពិន័យបទល្មើសចរាចរណ៍ និងដកពិន្ទុលើបណ្ណបើកបរ និងការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពស្របតាមបច្ចេកវិទ្យាថ្មី ដែលបានបំពាក់ជាមួយការធ្វើបច្ចុប្បន្នភាពជំនាន់ថ្មី។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងពិធីថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាព និងផ្តល់នូវចំណេះដឹងថ្មីដល់មន្ត្រីចរាចរណ៍ ស្របតាមកាលវិវត្តន៍នៃសម័យឌីជីថលនេះ។

ទាក់ទងនឹងការផ្ដល់វគ្គបណ្ដុះបណ្ដាលនេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូថា ការបណ្ដុះបណ្ដាលទៅដល់មន្ត្រីពាក់ព័ន្ធទៅលើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺវាជារឿងចាំបាច់ ដើម្បីបម្រើឱ្យការអនុវត្តការងារប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ៖ «ខ្ញុំគិតថាការងារបណ្ដុះបណ្ដាលនេះ វាសំខាន់ ព្រោះវានឹងជួយទៅដល់ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងផែនការ អគ្គស្នងការនគរបាលជាតិហ្នឹង គាត់ប្រមូលទិន្នន័យកាន់តែរហ័ស កាន់តែច្បាស់លាស់ ដើម្បីបម្រើឱ្យការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាពិសេសការសម្រេចចិត្តថ្នាក់ដឹកនាំ ដាក់ចេញវិធានការឱ្យចំគោលដៅ»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២ ៧១៦លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ២៨៦នាក់ អ្នករបួសធ្ងន់ចំនួន ២ ២៥៨នាក់ និងអ្នករបួសស្រាលចំនួន ១ ៣៨២នាក់។
បើប្រៀបធៀបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលដូចគ្នា ១០ខែ ឆ្នាំ២០២២ ឃើញថាអត្រានៃចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៩ភាគរយ អ្នកស្លាប់បានថយចុះ ១១ភាគរយ អ្នករបួសធ្ងន់បានកើនឡើង ៣ភាគរយ អ្នករបួសស្រាលបានកើនឡើង ១០ភាគរ៕ ដោយ៖ ជា សុខនី