គណបក្សខ្មែរតែមួយ អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

គណបក្សខ្មែរតែមួយ និងជាសមាជិកសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតអបអរសាទរអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គមហាសន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំង សម្ដេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លិខិតអបអរសាទរបានបញ្ជាក់ថា យើងខ្ញុំជាអ្នកនយោបាយក្រៅរាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកថា សម្ដេចធិបតី ជាឥស្សរជនខ្មែរវ័យក្មេងទី១ដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ មានបញ្ញាស្មារតីជាតិនិយម ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ជាពិសេស សម្ដេចធិបតី កំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ពង្រឹងលទ្ធិប្រជា ធិបតេយ្យបែបខ្មែរនិយម ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ រីកចម្រើនលើគ្រប់វិស័យ និងដើម្បីឧត្តមប្រយោជន៍ជាតិ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លានេះ យើងខ្ញុំជាសមាជិក សមាជិកានៃគណបក្សខ្មែរតែមួយ សូមបួងសួង ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចធិបតី ព្រម ទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ads banner