សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវការគាំទ្រសន្ធឹកសន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាឱកាសនេះ គឺពិតជាបានចូលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ដោយឡែក ឯកឧត្តម វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបឯកឧត្តម ទទួលបានពីការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ព្រមជាមួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ៥៦ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជូនចំពោះ ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា ព្រមជាមួយនឹងការគូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត


