នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាមប្តេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការ (Video Inside)
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងវៀតណាម បានបង្ហាញទស្សនៈយល់ស្របដូចគ្នាថា ជំនួបរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ តាមរយៈដំណើរទស្សនកិច្ចក្នុងរដ្ឋធានីហាណូយនេះ នឹងជួយពង្រឹង និងពង្រីកកាន់តែខ្លាំង នូវទំនាក់ទំនងទ្វេភាគី ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។
លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានថ្លែងអបអរសាទរចំពោះជោគជ័យ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះសម្តេចធិបតីផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតី, នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាក់ជាមិនខាន។
សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាម ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចធិបតី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាព នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច និងបានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។
ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានជជែកគ្នាលើវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។
ថ្នាក់ដឹកនាំទាំង២ នៅបានជជែកផ្លាស់ប្តូរយោបល់ផងដែរ អំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជាក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គជាដើម៕