កងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប ជាង៧០នាក់ ធ្វើមាតុភូមិនិវត្តន៍ និងជាង៧០នាក់ចេញដំណើរប្តូរវេន
ភ្នំពេញ៖ កងកម្លាំងនៃកងអនុសេនាធំអាវុធហត្ថជាង៧០នាក់ ក្នុងនោះមាននារីចំនួន៣៣នាក់ជាកងទី១១ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកំណើតវិញដោយសុវត្ថិភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ(អ.ស.ប)ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។ទន្ទឹមនេះដែកងកម្លាំងជាង៧០នាក់ បានធ្វើដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង។
ជាមួយគ្នានេះដែរកងអនុសេនាធំអាវុធហត្ថលេខ២៧៨ ក៏នឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអ.ស.ប នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលនេះជាកងទី១២ ដែលនឹងធ្វើដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ។

ប្រភពក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែធ្នូថា កងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលបានវិលត្រលប់មកប្រទេសវិញនេះ ជាកងដែលមាននារីច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។
ក្នុងឱកាសចុះទទួលកងកម្លាំងមួកខៀវកម្ពុជាដែលវិលត្រលប់មកវិញនេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា យោធិននារីក៏មានឱកាសចូលរួមសកម្មភាពការងារយ៉ាងសកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបីជាស្ថិតក្នុងស្ថានភាពអសន្តិសុខក៏ដោយ ដែលនេះជាការបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ។

ទន្ទឺមនឹងនេះដែរ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន ៧៣នាក់ ក្នុងនោះមាននារីចំនួន ៣៤នាក់ ក៏នឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអ.ស.ប នាវេលាម៉ោង ១យប់ ថ្ងៃទី១៤ ខែធ្នូនេះ ដែលនេះគឺជាកងទី១២ ដែលនឹងធ្វើយុទ្ធដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា កងអនុសេនាធំអាវុធហត្ថលេខ២៧៨ មានចំនួនសរុប៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ ស្មើនឹង៤៨,៥ភាគរយ ដែលមានសមាភាព មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើប្រទេស និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបន្តថា កងទ័ពមួកខៀវកម្ពុជា ដែលនឹងចេញដំណើរនាពេលនេះ ក៏នាំទៅជាមួយនូវគ្រឿងបន្លាស់ និងបរិក្ខាររយៈពេលមួយឆ្នាំ ព្រមទាំងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ចាក់វ៉ាក់សាំង និងថ្នាំបង្ការជំងឺនានា ស្របតាមការកំណត់របស់អង្គការសហប្រជាជាតិដូចកងមុនៗដែរ។
តាមរយៈប្រភពដដែលនាយឧត្តម សែម សុវណ្ណនី បានលើកឡើងថា កងអនុសេនាធំអាវុធហត្ថលេខ២៧៨នេះ គឺជាកម្លាំងដែលមានសមត្ថភាព ជំនាញ ច្បាស់លាស់ ទទួលបានការហ្វឹកហ្វឺនដោយផ្ទាល់ និងពីបណ្តាប្រទេសជាមិត្តតាមស្តង់ដាររបស់អ.ស.ប ព្រមទាំងការបំពាក់ដោយឧបករណ៍ មធ្យោបាយ សម្ភារៈជាច្រើន ស្របតាមនិយាមរបស់អ.ស.ប ។

នាយឧត្តមបានមានប្រសាសន៍ថា ៖ «កម្លាំងទាំងអស់ត្រូវយកបទពិសោធ និងប្រពៃណីដ៏ល្អផូរផង់ទាំងនោះ មកប្រតិបត្តិឱ្យបានត្រឹមត្រូវ ពិសេសត្រូវគោរពប្រតិបត្តិលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានម៉ឺងម៉ាត់ រួមផ្សំនឹងបទដ្ឋានអន្តរជាតិនានា ដែលអស់លោកបានទទួលការហ្វឹកហ្វឺនរៀនសូត្រឱ្យបានល្អ ព្រោះប្រការទាំងអស់នេះចាត់ទុកថា អស់លោកបានបំពេញគ្រប់លក្ខណៈសម្បត្តិមានសមត្ថភាពសម្រាប់សម្រេចភារកិច្ចរបស់ខ្លួន»។
លោក ថុង ម៉េងដាវីដ ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ឱ្យដឹងថា ការវិលត្រឡប់ និងការធ្វើដំណើរទៅវិញ នៃកងកម្លាំងកម្ពុជាសម្រាប់ការការពារសន្តិសុខ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្រៅប្រទេស បានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជា ព្រោះក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេស។

លោកបានបន្តថា តាមរយៈការផ្តល់ជំនួយជាបច្ចេកទេស សម្ភារ និងថវិកា ពីបណ្តាប្រទេសជាដៃគូរ អភិវឌ្ឍន៍ ដល់កងកម្លាំងកម្ពុជានាលពេលកន្លងមកនេះ បានជួយឱ្យកម្ពុជាមានលទ្ធភាព និងសមត្ថភាព បញ្ជូនកងកម្លាំង ទៅរក្សាសន្តិសុខក្រោមឆត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេស។
លោកបានថ្លែងថា ៖ «បញ្ជូនកងកម្លាំងកម្ពុជា ទៅរក្សាសន្តិសុខ និងថែរសក្សាសន្តិភាពនៅប្រទេសស៊ូដង់ និងបណ្តាប្រទេសផ្សេងទៀត គឺជាការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ដើម្បីចូលរួមរក្សាសន្តិភាពជូនពិភពលោកទាំងមូល។ នេះ គឺជាមោទនភាពមួយរបស់កម្ពុជាយើង»។
សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិក្នុងចំណោម៦៣ប្រទេស បរិច្ចាគកងកម្លាំង តាំងពីឆ្នាំ២០១២៕ ដោយ៖ គឹម យុត្ថារ៉ូ
