កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
ភ្នំពេញ៖ កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបពិភាក្សាក្នុងស្មារតីមិត្តភាពរវាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្តី និងលោកជំទាវឧបការីរង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញ ចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។
ឯកឧត្តមឧបនាយករដ្ឋមន្តី បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាល និង ការបង្កើតការងារ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ ។ ទន្ទឹមនឹងទទួលស្គាល់ នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកជំទាវឧបការីរងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំងនោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដ គូថ្មីៗបន្ថែមទៀត ។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធី សាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្ដីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំងតួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។
លោកជំទាវឧបការីរង បានសង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាព ងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ។
កិច្ចពិភាក្សាខាងលើនេះ បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរក្នុងការបន្តកិច្ចសន្ទនាជាមួយគា្នលើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈផ្សេងគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ