គណបក្សកាន់អំណាចជប៉ុន ទទួលរងការរិះគន់ជុំវិញរឿងអាស្រូវនយោបាយ
តូក្យូ៖ លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន កំពុងព្យាយាមដោះស្រាយរឿងអាស្រូវជុំវិញការរៃអង្គាសថវិកាសម្រាប់គណបក្សនយោបាយ ដែលបានឈានដល់ការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីចំនួនបួនរូប។ យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្រុមព្រះរាជអាជ្ញាជប៉ុនអាចនឹងចុះត្រួតពិនិត្យការិយាល័យរបស់សមាជិកសភាបក្សកាន់អំណាចមួយចំនួនផងដែរ។
ប្រធានខុទ្ទកាល័យ លោក ហ៊ីរ៉ូកាស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បានបញ្ជាក់ពីការលាលែងចពីតំណែងរបស់លោក ហើយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង លោក ជុនជី ស៊ូស៊ូគី (Junji Suzuki) និងរដ្ឋមន្ត្រីកសិកម្ម លោក អ៊ីឈីរ៉ូ មីយ៉ាស៊ីតា (Ichiro Miyashita) ក៏បានលាលែងផងដែរ។
គួរដឹងដែរថា រដ្ឋមន្ត្រីដែលត្រូវបានរដ្ឋអាជ្ញាស៊ើបអង្កេត គឺជាបក្ខពួករបស់ក្រុមអាបេ (Abe) ដែលធ្លាប់បានដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)។ ក្រុមមួយនេះ គឺជាក្រុមធំជាងគេនៅក្នុងបក្សកាន់អំណាចរបស់ លោក គីស៊ីដា។ ឥឡូវនេះ ក្រុមរដ្ឋអាជ្ញាជប៉ុនកំពុងពិនិត្យមើលទៅលើបណ្ដឹងដែលថាសមាជិកនៃបក្សពួករបស់លោក អាបេ មិនបានរាយការណ៍ឱ្យបានត្រឹមត្រូវជុំវិញរបាយការណ៍ទឹកប្រាក់ចំនួនជាង ៣ លានដុល្លារសហរដ្ឋអាមេរិក ដែលប្រមូលបានពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ននេះ ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថា តើក្រុមរបស់ លោក គីស៊ីដា មានជាប់ពាក់ព័ន្ធដែរឬក៏យ៉ាងណា?។
នេះបើយោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍។ ក្រុមរបស់លោក គីស៊ីដា ត្រូវបានគេសង្ស័យថាមិនបានរាយការណ៍ទឹកប្រាក់ចំនួនជាង ១២ ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំមុនឆ្នាំ២០២០។ នៅប្រទេសជប៉ុន គណបក្សនយោបាយតែងតែរៀបចំព្រឹត្តិការណ៍មួយដែលអ្នកគាំទ្រអាចបរិច្ចាគថវិកា ហើយមូលនិធិទាំងនោះនឹងត្រូវបានគេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
នៅប្រទេសជប៉ុន ការប្រមូលថវិកាតាមរយៈការរៃអង្គាសគឺជារឿងស្របច្បាប់ ប៉ុន្តែសមាជិកបក្សពួករបស់ក្រុម អាបេ ត្រូវបានគេចោទប្រកាន់ថាបានលក់សំបុត្របន្ថែម និងរក្សាទុកប្រាក់ដែលបានចំណេញនោះ។ ការធ្វើបែបនេះគឺមិនខុសទៅនឹងច្បាប់ទេ ប៉ុន្តែការដែលមិនបានដាក់ក្នុងរបាយការណ៍សរុបចំនួនទឹកប្រាក់ នោះគឺអាចជាការរំលោភលើច្បាប់ស្តីពីការផ្តល់មូលនិធិនយោបាយ។
គិតមកទល់បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់ពីររូបបានលាលែងចេញពីតំណែង ដោយសាររឿងអាស្រូវថវិកានេះ ហើយលោក ម៉ាត់ស៊ូណូ ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ទីប្រឹក្សាពិសេសមួយរូប និងសមាជិកសភាចំនួន ៥ រូបក៏ត្រូវបានដកចេញផងដែរ។ ដោយឡែក លោក នីស៊ីមូរ៉ា ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានលាឈប់ពីការងារដើម្បីកសាងទំនុកចិត្តឡើងវិញ បើទោះបីជាមិនមានការចោទប្រកាន់ទៅលើរូបលោកក៏ដោយ។
កាលពីដើមសប្ដាហ៍ លោក គីស៊ីដា បានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនឹងរឿងអាស្រូវហិរញ្ញវត្ថុទាំងអស់នេះ។ លោកសន្យាថានឹងស្តារទំនុកចិត្តពីសាធារណជនមកលើគណបក្សរបស់លោកគឺគណបក្សប្រជាធិបតេយ្យសេរី(LDP)ឡើងវិញ។ការលើកឡើងនេះ គឺធ្វើឡើងក្រោយការលាលែងពីតំណែង និងការចោទប្រកាន់ពីបញ្ហាអព្យាក្រឹតភាពរបស់លោក។
ជាការកត់សម្គាល់ ប្រជាប្រិយភាពរបស់លោក គីស៊ីដា បានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺអត្រាគាំទ្របានថយចុះរហូតដល់ទៅ ២៣ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច ហើយតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃមានការឡើងថ្លៃ និងគោលនយោបាយដំឡើងពន្ធ។ សូម្បីតែគណបក្សរបស់លោកក៏កំពុងបាត់បង់ការគាំទ្រផងដែរ ដោយបានធ្លាក់ចុះក្រោម ៣០ភាគរយជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
លោក គីស៊ីដា បានសន្យាថា លោកនឹងព្យាយាមដោះស្រាយបញ្ហាទាំងអស់នេះដើម្បីទទួលបានការទុកចិត្តពីប្រជាជនឡើងវិញ។ ប៉ុន្តែអ្នកជំនាញខ្លះយល់ឃើញថា វិធានការរបស់លោក គីស៊ីដា នៅមិនគ្រប់គ្រាន់នោះទេ ពោលគឺគ្រាន់តែបណ្ដេញមន្ត្រីជាន់ខ្ពស់ចេញពីដំណែង ជាមធ្យោបាយដែលមិនអាចដោះស្រាយបាននោះទេ។ លោក គីស៊ីដា អាចនឹងធ្លាក់ចេញពីតំណែងនៅឆ្នាំក្រោយ បើទោះបីជាការបោះឆ្នោតនៅមិនទាន់មកដល់ក៏ដោយ៕ ប្រែសម្រួល៖ ធា សុណា