កម្លាំងកងរាជអាវុធហត្ថ បានដុតកំទេច រថយន្ដដឹកឈើ៦គ្រឿងទៀតហើយ នៅស្រុកសេសាន ជាការឆ្លើយតបនឹង ជនល្មើសដែលនៅតែប្រព្រឹត្តបទល្មើសព្រៃឈើ

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានបន្ដបើកប្រតិបត្តិការបង្ក្រាបរថយន្ដប៉ាកុង ដឹកឈើបាន៦គ្រឿងទៀត នៅស្រុកសេសាន ហើយត្រូវបានដុត និងកាត់ជាកំណាត់ ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ត។

រថយន្ដប៉ាកុងចំនួន០៦គ្រឿងនេះ បានរកឃើញនៅចំនួន០៥កន្លែង ដែលជាមធ្យោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើ ហើយកម្លាំងកងអាវុធហត្ថខេត្តបានរុករកឃើញរួចប្រមូលមកដុតកំទេចចោលចំនួន០៣កន្លែង។ សមត្ថកិច្ចបានដុត នៅចំណុចភូមិ-ឃុំស្រែគរថ្មី ស្រុកសេសាន ចំនួន៤គ្រឿង និងដុតភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន២គ្រឿង។ ដោយឡែក ឈើលេខ១-២ ចំនួនពីរគំនរមិនទាន់វាស់វែង បានប្រគល់ជូនរដ្ឋបាលព្រៃឈើយកទៅរក្សាទុក។

រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលទៀតផង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner