ប្រធានរដ្ឋសភាបារាំង អញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារាំង ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។ វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះនិងបានថែ្លងអំណរគុណដល់ លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចទៅចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកបានកំពុងជួបប្រទះនូវការប្រទាញប្រទុងគ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទំាងបញ្ហាជំងឺរាតត្បាតនានា រួមទំាងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ។ វេទិកាដែលរដ្ឋសភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ ហើយត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ គួររម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពីឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំងដែលបានគំាទ្រកម្ពុជាតំាងពីដើមមក ជាពិសេសនៅក្នុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បារាំងបានជួយបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនិងផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា បារាំងជាប្រទេសមួយ ដែលបានចូលរួមកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពដល់កម្ពុជា ដូចជាវិស័យ ច្បាប់ សុខាភិបាល កសិកម្ម ការអភិវឌ្ឍជនបទ ទឹកស្អាត បច្ចេកវិទ្យា ជាដើម។ សិស្សនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសបារំាង បានក្លាយជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ មានធនធានមនុស្សភាគច្រើនជាយុវជន ដែលមានចំណេះដឹង ភាពស្វាហាប់ និងឆន្ទះមុះមុត នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្តល់ជាអាទិភាពលើសុខភាពពលរដ្ឋ ហើយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់រដ្ឋាភិបាលប្រទេសបារំាងជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសបារាំងឱ្យបានចំនួនច្រើនឡើង និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទំាងពីរ ជួយកៀរគរអ្នកទេសចរនិងអ្នកវិយោគទុនបារំាងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ។

ឯកអគ្គរដ្ឋទូតបារំាង បានគំាទ្រនិងទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងការជឿជាក់ថាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាពនិងថាមពល កម្ពុជានឹងទទួលបាននូវការរីកចម្រើនកាន់តែឆាប់រហ័ស៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner