អត្តពលិកកីឡាជិះសេះកម្ពុជា ឈ្នះមេដាយមាស កម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង
ភ្នំពេញ៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហាញ ការលោតសេះផ្លោះរបារ និងសន្និសីទសារព័ត៌មាន នៅក្លឹប CCC រាជធានីភ្នំពេញ ដើម្បីបង្ហាញពីឈ្នះមេដាយមាស កីឡាជិះសេះកម្ពុជា និងពានរង្វាន់ជាក្រុម នៅក្នុងព្រឹត្តិការណ៍ប្រកួត FEI South East Asian Youth Cup 2023 លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ កាលពេលថ្មីៗនេះ។
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកទាំងអស់ពិតជាសប្បាយខ្លាំង ដែលឈ្នះមេដាយមាសជាក្រុម ជាលើកដំបូង និងជំនួស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (South East Asian Game 2023) លើវិញ្ញាសារលោតផ្លោះឧបសគ្គ ដែលម្ចាស់ផ្ទះកម្ពុជាមិនបានរៀបចំប្រភេទកីឡាជិះសេះនេះ។ ព្រឹត្តិការណ៍នេះមានការគាំទ្រពីសហព័ន្ធកីឡាជិះសេះអន្តរជាតិ និងសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកស្រី ក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនី ដែលប្រឹងប្រែងហ្វឹកហាត់ និងប្រកួតដណ្តើមបានមេដាយមាសជូនជាតិ ដោយមាន ៧ប្រទេសចូលរួម ដោយកម្ពុជាមិនធ្លាប់ទទួលបានពីមុនមកទេ ដោយធ្លាប់ឈ្នះត្រឹមមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម កន្លងមក។ ព្រឹត្តិការណ៍នេះមាន៧ប្រទេសចូលរួមប្រកួតប្រជែងមេដាយ ដូចជាម្ចាស់ផ្ទះ ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ។
លោកស្រីប្រធានសហព័ន្ធបញ្ជាក់ថា យើងមានការខិតខំប្រឹងប្រែងខ្លាំងមែនទែន ហើយក្រុមកីឡាជិះសេះកម្ពុជាដណ្តើមបានមេដាយមាសជាក្រុមជាលើកដំបូងជាអន្តរជាតិ នៅឆ្នាំ២០២៣នេះ បន្ទាប់ពីមានការតស៊ូក្រាញននៀលពុះពារនឹងការលំបាកគ្រប់បែបយ៉ាង ពីការចាប់ផ្តើមបង្កើតសហព័ន្ធដំបូងតាំងពីឆ្នាំ២០០៦ រហូតដល់ការអភិវឌ្ឍជាជំហានៗដល់ឆ្នាំ២០២៣នេះ។ បន្ថែមពីលើនេះ លោកស្រីប្រធាន ទេព ម៉ូណា រំភើបដែលកីឡាករជាតិយើងដណ្តើមបានមេដាយមាសលើឆាកអន្តរជាតិ ដើម្បីឲ្យបណ្តាប្រទេសនានាចូលរួមបានឈរគោរពទង់ជាតិខ្មែរ ប្រកបដោយមោទនភាពជាតិ»។
ជាមួយនឹងគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកស្រី ទេព ម៉ូណា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តការប្រឹងប្រែង ក្នុងស្មារតីរួបរួមគ្នា ត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំបន្តបន្ទាប់ ដូចជាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍អន្តរជាតិនានាបន្ថែមទៀត ៕
ចាន់ វិចិត្រ










