លោក គីម ព្រមានពីការវាយប្រហារដោយនុយក្លេអ៊ែរ ប្រសិនបើមានការបង្កហេតុ
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា ក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរ ក្នុងការវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើមាន «បង្កហេតុដោយនុយក្លេអ៊ែរ»។ ជាការព្រមាណ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនបានអំពាវនាវឱ្យ «ការសន្ទនាដោយគ្មានបុរ៉េលក្ខខណ្ឌ»។
ការព្រមានរបស់លោក គីម បានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅពេលនោះ ពួកគេបានពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែរ ក្នុងករណីមានជម្លោះ ជាមួយកូរ៉េខាងជើង។
របៀបវារៈនៃកិច្ចប្រជុំផ្តោតលើ «ផែនការនុយក្លេអ៊ែរ និងផែនការយុទ្ធសាស្ត្រ» ហើយសម្ព័ន្ធមិត្តទាំងនោះបានរំលឹកឡើងវិញថា រាល់ការវាយប្រហារនុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាង មកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនឹងនាំឱ្យមានការបញ្ចប់របបកូរ៉េខាងជើង ទាំងស្រុង។
ក៏ប៉ុន្តែ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទើបបានប្រាប់ការិយាល័យមីស៊ីលកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូថា «កុំស្ទាក់ស្ទើរ ក្នុងការបាញ់ សូម្បីតែការវាយប្រហារដោយនុយក្លេអ៊ែរ នៅពេលដែលសត្រូវបង្ករឿងដោយនុយក្លេអ៊ែរនោះ»។
សម្តីរបស់លោក គីម បែបនេះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង ហៅកាត់ថា KCNA ដកស្រង់ ក្នុងពេលដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើទស្សនកិច្ច នៅការិយាល័យមីស៊ីល។ ការិយាល័យយោធាកណ្តាលនេះទើបបានចូលរួម ក្នុងការបាញ់បង្ហោះមីស៊ីលផ្លោង ICBM Hwasong-18 កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត