ទ័ពអ៊ីស្រាអែលអះអាងថាបានសម្លាប់ពួកសកម្មប្រយុទ្ធនៅហ្គាហ្សា ២ពាន់នាក់ ក្នុងខែនេះ

ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែលបានអះអាងថា ពួកគេបានសម្លាប់ពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់ហ្គាហ្សា ចំនួន ២.០០០ នាក់ហើយ នៅក្នុងខែធ្នូនេះ ពោលគឺបន្ទាប់ពីរយៈពេលនៃបទឈប់បាញ់ បានផុតកំណត់។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា យោធាអ៊ីស្រាអែលបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ជាង ២.០០០ នាក់ នៅតំបន់ហ្គាហ្សា ស្ទ្រីប ចាប់តាំងពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស បានបញ្ចប់សុពលភាព កាលពីថ្ងៃទី១ ខែធ្នូ។

លោក Daniel Hagari បាននិយាយថា «ចាប់តាំងពីការបញ្ចប់បទឈប់បាញ់មក កងកម្លាំងរបស់យើងបានកម្ចាត់ភេរវករ ជាង ២ពាន់នាក់ តាមអាកាស ផ្លូវគោក និងផ្លូវសមុទ្រ»។

គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ភាគីអ៊ីស្រាអែលនៅតែបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដោយវាយប្រហារលើគោលដៅ រាប់សិបកន្លែង។ ពួកគេបានប្តេជ្ញាបំផ្លាញក្រុមហាម៉ាស់ តាមរយៈការទម្លាក់គ្រាប់បែកឥតឈប់ឈរ លើតំបន់ហ្គាហ្សា និងបានបញ្ជូនកងទ័ពជើងគោក ទៅវាយលុក ជាបន្តបន្ទាប់ទៀតផង។

គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានឈានចូលដល់ថ្ងៃទី៧៦ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។ បើយោងតាមក្រុមហាម៉ាសបានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ម៉ឺននាក់ហើយ នៅតំបន់ហ្គាហ្សា ដែលភាគច្រើន គឺជាស្ត្រី និងកុមារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner