អន្តរក្រសួងថៃ ប្ដេជ្ញាបង្រ្កាបការដុតជញ្រ្ជាំង និងដំណាំ ខណៈកម្រិតខ្យល់កខ្វក់កើនឡើង
ថៃ៖ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម និងសហករណ៍ថៃ បានរួមគ្នាប្រកាស «ធ្វើ
សង្គ្រាមប្រឆាំង» នឹងការដុតជញ្រ្ជាំង ឬដំណាំ ដែលជាប្រភពនៃការបំពុលខ្យល់ដ៏ធំមួយ ខណៈកម្រិតខ្យល់កខ្វក់ចាប់ផ្ដើមកើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation នៅថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ នេះ។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Phaatcharavat Wongsuwan និងរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក Thammanat Prompow បានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយប្រភពនៃកំហាប់ភាគល្អិតនិចល PM 2.5 ក្នុងវិស័យកសិកម្ម។
ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីទាំង២ បានប្ដេជ្ញាប្រើវិធានការតឹងរ៉ឹង ដើម្បីលុបបំបាត់ការដុតបំផ្លាញជញ្រ្ជាំង និងដំណាំ រួមទាំងការចុះឈ្មោះកសិករដែលដាំអំពៅ និងពោត ដែលជាប្រភេទដំណាំដែលកសិករដុតចោលក្រោយប្រមូលផលរួច ហើយបង្កឱ្យមានបំពុលផ្សែងពុលធ្ងន់ធ្ងរភាយទៅលើអាកាស។ ជាមួយគ្នានេះ ក្រសួងក៏ចេញវិធីសាស្រ្តអប់រំកសិករ អំពីផលប៉ះពាល់ផ្លូវច្បាប់ និងបរិស្ថាន ដោយសារតែការដុតជញ្រ្ជាំង និងដំណាំផងដែរ។
លោក Thammanat បាននិយាយថា៖ «យើងជំរុញឱ្យកសិករទូទាំងប្រទេស បញ្ឈប់ការដុតទាំងស្រុងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាពេលដែលការបំពុលបរិយាកាសឈានដល់ចំណុចធ្ងន់ធ្ងរ»។
លោកបានបន្ថែមថា លិខិតបន្ទាន់ត្រូវបានបញ្ជូនទៅអភិបាលខេត្តថៃទាំងអស់ ដើម្បីបង្កើនការត្រួតពិនិត្យពីមន្ត្រីមូលដ្ឋាន និងដាក់ពិន័យយ៉ាងតឹងរ៉ឹងចំពោះជនល្មើស។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្មដដែល និយាយថា ក្រសួងនឹងពិចារណាផងដែរ អំពីការព្យួរការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់កសិករដែលមានសិទ្ធិទទួលបានឧបត្ថម្ភធន ប្រសិនបើពួកគេបំពានច្បាប់ ដោយការដុតវាលស្រែរបស់ខ្លួន។
លោកបន្ថែមថា ក្រសួងនឹងធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពបំពុលបរិយាកាសពីវិស័យកសិកម្ម ហើយនឹងជួបគ្នាម្តងទៀតដើម្បីតាមដានវឌ្ឍនភាពនៃ «សង្គ្រាមប្រឆាំងនឹងការដុតដំណាំ»។
គួរគូសបញ្ជាក់ថា ប្រទេសថៃតែងរងនូវការបំពុលខ្យល់ធ្ងន់ធ្ងរ ជាពិសេសនារដូវប្រមូលផលរួច ដោយសារតែប្រជាកសិករនាំគ្នាដុតជញ្រ្ជាំង ឬដំណាំ ដើម្បីត្រៀមដីទុកសម្រាប់ការដាំដុះថ្មី ទោះបីជាវាខុសច្បាប់ ហើយរងការឃ្លាំមើលពីអាជ្ញាធរក៏ដោយ។
ការអនុវត្តន៍វិធីសាស្រ្តកសិកម្មបែបនេះ ធ្វើឱ្យកម្រិតបំពុលខ្យល់នៅថៃកាន់តែអាក្រក់ទៅៗ ជាមួយនឹងការកើនឡើងនៃកំហាប់ភាគល្អិតនិចល PM2.5 ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ កម្រិត PM2.5 នៅថៃភាគច្រើនកើតឡើងពីចន្លោះខែធ្នូ និងខែមីនា ជាពិសេសនៅតាមទីក្រុងធំៗ ដែលរងការបំពុលបរិយាកាសរួចទៅហើយ ដោយសារតែការបំភាយខ្យល់ពុលពីរោងចក្រឧស្សាហកម្ម និងចរាចរណ៍៕ ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ Ministries to clamp down on crop burning as pollution levels rise