ម៉ាឡេស៊ី ហាមឃាត់នាវាដឹកទំនិញដាក់ទង់ជាតិអ៊ីស្រាអែល ជាការឆ្លើយតបនឹងសង្រ្គាមនៅហ្គាហ្សា
គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធ បានប្រកាសហាមឃាត់នាវាដឹកទំនិញដែលដាក់ទង់ជាតិអ៊ីស្រាអែល មិនឱ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែលដែលមិនអើពើនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន។ នេះបើតាមការចុះផ្សាយរបស់កាសែតហ្សាការតាប៉ុស្តិ៍។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ក៏នឹងរងការហាមឃាត់មិនឱ្យដឹកទំនិញនៅកំពង់ផែណាមួយនៅម៉ាឡេស៊ីផងដែរ ដោយចំណាត់ការនេះត្រូវចូលជាធរមានភ្លាម។
លោក អាន់វ៉ា បានសង្កត់ធ្ងន់លើក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់អ៊ីស្រាអែល គឺក្រុមហ៊ុន ZIM ។
គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បានអនុញ្ញាតឱ្យក្រុមហ៊ុន ZIM ចូលចតកប៉ាល់របស់ខ្លួននៅកំពង់ផែម៉ាឡេស៊ីក្នុងឆ្នាំ ២០០២ ប៉ុន្តែសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ បាននិយាយថា ការអនុញ្ញាតនេះត្រូវបានលុបចោលវិញហើយ។
មេដឹកនាំម៉ាឡេស៊ីដដែលបន្តថា៖ «រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចចិត្តបិទ និងមិនអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ចូលចតនៅកំពង់ផែម៉ាឡេស៊ីណាមួយឡើយ»។
លោកបន្តថា៖ «ទណ្ឌកម្មទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដែលមិនអើពើនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់រង្គាល និងអំពើឃោរឃៅដែលកំពុងបន្តប្រឆាំងនឹងប៉ាឡេស្ទីន»។
លើសពីនេះ លោក អាន់វ៉ា បានបន្ថែមថា ម៉ាឡេស៊ី ក៏បានសម្រេចចិត្តផងដែរ លែងទទួលយកនាវាដែលប្រើទង់ជាតិអ៊ីស្រាអែលចូលចតក្នុងប្រទេស និងហាមឃាត់នាវាណាមួយដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ពីការដឹកទំនិញនៅក្នុងកំពង់ផែម៉ាឡេស៊ី»។ លោកបន្តថា ម៉ាឡេស៊ីមានទំនុកចិត្តថា ពាណិជ្ជកម្មរបស់ខ្លួននឹងមិនរងផលប៉ះពាល់ ដោយការសម្រេចចិត្តនោះទេ។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ី មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនោះទេ ហើយប្រទេសនេះគឺជាអ្នកតស៊ូមតិដ៏ធំសម្រាប់ប៉ាឡេស្ទីន៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Malaysia bans Israeli-flagged ships in response to Gaza war