ឆ្លងឆ្នាំសកលបើមកខេត្តសៀមរាប កុំភ្លេច សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ

សៀមរាប៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ជាកន្លែង ទេសចរណ៍ធម្មជាតិបែបជនបទផង និងបែបរមណីយ ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តផង ។ជាទីទាក់ទាញមួយកន្លែង នៅក្នុងខេត្តសៀមរាប ក្រៅពីរមណីយដ្ឋានអង្គរ។

សហគមន៍នេះស្ថិតនៅទិសខាងកើតក្រុងសៀមរាប និង នៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង និង នៅមិនឆ្ងាយពីប្រាសាទបាគងដែរដោយមានចំងាយ ជាង ១០គីឡូម៉ែត្រពីទីរួមខេត្ត។

នៅទីនោះអ្នកធ្វើដំណើរកម្សាន្តអាចទៅជាលក្ខណៈគ្រួសារ ក៏បាន ឬក៏ក្រុមទេសចរក៏បាន។មានខ្យូស សម្រាប់ អង្គុយ និងមានម្ហូបអាហារដែលអាចកុម៉្មង់បានតាម ចំណង់ចំណូលចិត្ត។

លោក ឡែម ប៉ាន់ តំណាង សហគមន៍ទេសចរណ៍ បាគង ភូមិខ្ញុំ បានឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ ពិធីឆ្លងឆ្នាំសកល២០២៣ ចូល ២០២៤ នឹងមកដល់ ហើយ ក៏ជាឱកាសមួយ ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ធ្វើដំណើរកម្សាន្តច្រើន។ ដូចនេះក្នុងនាម ជាអ្នកផ្តល់សេវាកម្មទេសចរណ៍ សហគមន៍ បាគងភូមិខ្ញុំ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បម្រើជូនភ្ញៀវ ទេសចរ គ្រប់សេវាកម្មដែលមានដូចជា ការជិះរទេះគោ ជិះទូក ពហុកីឡា សេវាកម្មម្ហូបអាហារ និងសេវាកម្ម ផ្សេងៗទៀត។
លោកបន្តថា បច្ចុប្បន្នលោកសង្កេតឃើញថា ក្រៅពី ប្រាសាទ បុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភ្ញៀវទេស ចរមានការចាប់អារម្មណ៍ច្រើន ក្នុងការមកលម្ហែ នៅតាម សហគមន៍ទេសចរណ៍បែបធម្មជាតិដោយផ្សារភា្ជាប់ជាមួយជីវភាពប្រជាជនរស់នៅតាមជនបទ។
លោកបន្តថា សហគមន៍មានសេវាកម្មជិះរទេះគោ ដែលធ្វើឱ្យពួកគាត់បានឃើញពីជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងទិដ្ឋភាពផ្សេងៗអ្នកនៅទីក្រុងពុំ ធ្លាប់បានឃើញ។

លោក អ៊ឹង គឹមហួ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង បានឱ្យដឹងថា លោកពិតជាមានការពេញចិត្ត ក្នុងការមក កម្សាន្ត នៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំនេះ ព្រោះមានលក្ខណៈធម្មជាតិ ហើយនៅឱកាសឆ្លងឆ្នាំ សកលខាងមុខនេះ ភ្ញៀវទេសចរគួរមកកម្សាន្តនៅទីនោះ នឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លានិងបានសប្បាយរីករាយជាមិនខាន។

ចំណែកអ្នកស្រី កោត ឡៃហៀង ប្រជាជន មកពីខេត្ត កំពង់ធំ បានប្រាប់អ្នកយកព័ត៌មានយើងថា សហគមន៍ ទេសចរណ៍ បាគងភូមិខ្ញុំ មានសកម្មភាពល្អ។អ្នកស្រីគិតថា ដូចនេះ បានផ្តល់ប្រាក់ចំណូលដល់ ប្រជាពលរដ្ឋ ក្នុងសហគមន៍។ចំណែកភ្ញៀវទេសចរ ចូលមកដល់ទីនេះនឹងបានស្រស់ស្រាយជាមួយធម្មជាតិតែម្តង ។ជាពិសេសនោះ សហគមន៍ទេសចរណ៍ បាគង ភូមិខ្ញុំនេះបានចូលរួមចំណែកថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្មេងជំនាន់នេះមិនធ្លាប់បានដឹង ដូចជា ការ ជិះរទេះគោជាដើម។ក្មេងៗជំនាន់នេះតិច ណាស់ ដែលបានជិះរទេះគោ
អ្នកស្រីបន្តថា នៅក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះ គួរតែមកកម្សាន្តនៅទីនេះ នឹងសាកជិះរទេះគោ , ទស្សនា ភូមិឋាននិងការរស់នៅ របស់ប្រជាពលរដ្ឋនៅជនបទ៕ ដោយ៖ ស៊ាន សុផាត

ads banner