អាមេរិក​៖ អ៊ីរ៉ង់​វាយ​ប្រហារ​នាវា​ដឹក​សារធាតុ​គីមី​ក្បែរ​ឆ្នេរ​​ឥណ្ឌា​​

អាមេរិក៖ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​នៃ​​ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​​អះ​អាង​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉យទ័រ​ថា​ ​​នាវា​​ដឹក​​សារធាតុ​​គីមី​ឈ្មោះ​ CHEM PLUTO បាន​រង​​ការ​ប្រហារ​ដោយ​ដ្រូន​​​បាញ់​ចេញ​ពី​អ៊ីរ៉ង់​ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ឥណ្ឌា​កាល​ពីព្រឹក​​ថ្ងៃ​សៅរ៍​។

អ្នក​ពាក្យ​និយាយ​យ៉ាង​ដូច្នេះ​ថា ​៖ «​នាវា​ដឹក​សារធាតុ​គីមី​ ​CHEM PLUTO ​ដែល​​ដាក់​​ទង់​ជាតិ​លីបេរីយ៉ា​ គ្រប់​គ្រង​ដោយ​​ជប៉ុន ​និង​​​ប្រតិបត្តិការ​ដោយ​​ហូឡង់​ បាន​រង​ការ​វាយ​ប្រហារដោយ​ដ្រូន​បាញ់​ចេញ​ពី​អ៊ីរ៉ង់​ ​នៅ​​ម៉ោង​ ១០ ព្រឹក​ (ម៉ោង​ក្នុង​តំបន់​) នៅ​មហា​សមុទ្រ​ឥណ្ឌា ​ចម្ងាយ​ប្រមាណ​ ៣៧០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ឥណ្ឌា​​»​។

ការ​វាយ​ប្រហារ​នេះ​ បណ្ដា​ល​ឱ្យ​មាន​​ភ្លើង​ឆេះលើ​​នាវា​​​ ប៉ុន្តែ​ត្រូវ​បាន​គេ​ពន្លត់​​ទៅ​វិញ​ ហើយ​មិន​បង្ក​ឱ្យ​មាន​ជន​រង​គ្រោះ​នោះ​ទេ​។ ​បើ​តាម​​មន្ទី​រ​បញ្ចកោណ​​ វា​គឺ​ជា​​ការ​វាយ​ប្រហារ​លើក​ទី​៦​របស់​អ៊ីរ៉ង់​ លើ​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ចាប់​តាំង​ពី​ឆ្នាំ​ ២០២១​ មក​។ កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​បញ្ជូន​យន្តហោះ ​និង​នាវា​ចម្បាំង​ ដើម្បី​ផ្តល់​ជំនួយ​។​​

អ៊ីរ៉ង់​មិន​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​ហេតុការណ៍​ដដែល ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បង្ហាញ​ពី​កំណើន​​នៃ​ភាព​តាន​តឹង​ក្នុង​តំបន់​ និង​ហានិភ័យ​ថ្មី​ចំពោះ​ផ្លូវ​ដឹក​ជញ្ជូនតាម​សមុទ្រ​​ ​ក្រោម​បរិបទ​នៃ​សង្រ្គាម​នៅ​ហ្គាហ្សា​របស់​អ៊ីស្រាអែល​​។

​​​បើតាម​ក្រុមហ៊ុន​សន្តិសុខ​ដែន​សមុទ្រ​ Ambrey ​នាវា​រង​គ្រោះ​​មាន​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល​ ហើ​យ​កំពុង​ធ្វើ​ដំណើរ​ពី​អារ៉ាប៊ីសាអូឌីត​ ឆ្ពោះ​ទៅ​​កាន់​ប្រទេស​ឥណ្ឌា​​។ ក្រុមហ៊ុន​ដដែល​បន្ត​ថា​ ការវាយ​ប្រហារ​លើ​នាវា​ CHEM PLUTO ​​​ដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ​ក្រហម​ បាន​ស្ថិត​នៅ​​ក្នុង​តំបន់​មួយ​ ដែល​ក្រុម​ហ៊ុន​​​ចាត់​ទុក​ថា​ជា​ «​តំបន់​គំរាម​កំហែង​កា​ន់​តែ​ខ្លាំង​»​ ពី​ដ្រូន​​របស់​អ៊ីរ៉ង់​។  ​

ការ​វាយ​ប្រហារ​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ការ​​ដឹក​ជញ្ជូន​តាម​សមុទ្រ​ក្រហម​​រង​​ហានិភ័យ​ផ្នែកសន្ដិសុខ​​​ ដោ​យ​​សារ​តែ​ការ​បង្កើន​ការ​វាយ​ប្រហារ​​ពី​ក្រុមសកម្មប្រយុទ្ធ​ហ៊ូធី​របស់​ប្រទេស​យេម៉ែន​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ហ៊ូធី​និយាយ​ថា​ ខ្លួន​ដាក់​គោល​ដៅតែ​នៅ​​លើ​នាវា​ពាក់​ព័ន្ធ​នឹង​អ៊ីស្រាអែល​ប៉ុណ្ណោះ​ ហើយ​ថា​នឹង​បន្ត​សកម្ម ភាព​អរិភាព​របស់​ខ្លួន​ លុះ​ត្រា​តែ​អ៊ីស្រាអែល​ឈប់​វាយ​ប្រហារ​នៅហ្គាហ្សា​។

កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ​ អាមេរិក​​បាន​​ចោទ​​អ៊ីរ៉ង់​​ថា​ ​បាន​​ជាប់​​ពាក់​ព័ន្ធ​​យ៉ាង​​សំខាន់​​ក្នុង​​ការ​​រៀប​ចំ​​​ផែនការ​​ប្រ​តិ​បត្តិការ​​ប្រឆាំង​​នឹង​​នាវា​​ពាណិជ្ជកម្ម​​នៅ​​សមុទ្រ​​ក្រហម​។​ អ្នក​នាំ​ពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​ លោកស្រី​ Adrienne Watson ​បាន​និយាយ​ថា​ វា​ស្រប​​ទៅ​នឹង​ការ​គាំទ្រ​ផ្នែក​អាវុធ​​រយៈ​ពេល​វែង​ និង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​របស់​ក្រុម​ហ៊ូធី​​ក្នុង​តំបន់ ពី​សំណាក់ប្រទេស​​អ៊ីរ៉ង់​​​។

​ប៉ុន្តែ​​មេ​បញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក​ Mohammad Reza Naqdi ​ បាន​ព្រមាន​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ថា​ ខ្លួន​នឹង​បង្ខំ​ឱ្យ​បិទ​ផ្លូវ​ទឹ​ក​ក្រៅ​ពី​សមុទ្រ​ក្រហម​ ប្រសិន​បើ​​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​​នៅ​តំបន់​ហ្គាហ្សា​។​ ​លោក​បន្ត​ថា​ ​ផ្លូវ​ទឹក​ទាំង​នោះ​អាច​រួម​បញ្ចូល​ទាំង​សមុទ្រ​មេឌីទែរ៉ាណេ ​និង​ច្រក​សមុទ្រ​ជីប្រាល​តារ៍​ (Gibraltar) ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា ​ការណ៍​នេះ​អាច​នឹង​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ទេ​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Pentagon says Iranian drone ‘attack’ hit chemical tanker near India  https://www.reuters.com/world/pentagon-says-iranian-drone-attack-hit-chemical-tanker-near-india-2023-12-24/

Tanker hit off India coast by drone from Iran, says US  https://www.bbc.com/news/world-asia-india-67811929

ads banner