អ្នកការទូតរុស្ស៊ី៖ ហ្វាំងឡង់នឹងរងទុក្ខមុនគេ ប្រសិនបើភាពតានតឹងរុស្ស៊ី-ណាតូ កើនឡើង

មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វាំងឡង់ ដែលជាសមាជិកថ្មីថ្មោងរបស់អង្គការណាតូ នឹងក្លាយជាប្រទេសរងទុក្ខមុនគេ ប្រសិនបើភាពតានតឹងរុស្ស៊ី-ណាតូ កើនឡើង។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Mikhail Ulyanov ដែលជាតំណាងអចិន្ត្រៃយ៍នៃប្រទេសរុស្ស៊ីទៅកាន់បណ្ដុំអង្គការអន្តរជាតិនៅក្រុងវីយែន បានប្រាប់ RIA យ៉ាងដូច្នេះថា៖ «ពួកគេ(ហ្វាំងឡង់)បានរស់នៅយ៉ាងស្ងប់ស្ងាត់ និងដោយសន្តិភាព ហើយភ្លាមៗក៏ស្រាប់តែជាប់ខ្លួនក្នុងស្ថានការណ៍រវាងរុស្ស៊ី និងណាតូ ដោយក្លាយជាសមាជិកនៃសម្ព័ន្ធភាពមួយនេះ។ ដោយសារតែគេជាប្រទេសជិតខាងរបស់យើង ប្រសិនបើភាពតានតឹងកើនឡើង គេនឹងក្លាយជាប្រទេសរងទុក្ខមុនគេ»។

គួរបញ្ជាក់ថា ហ្វាំងឡង់ ក៏ដូចជាប្រទេសជិតខាងស៊ុយអែត បានទម្លាក់ចោលគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ហើយងាកទៅចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ ដែលជាប្លុកសម្ព័ន្ធភាពយោធា ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ។

ស៊ុយអែតនៅមិនទាន់អាចចូលក្លាយជាសមាជិកណាតូបានទេ ដោយសារតែបញ្ហាចម្រូងចម្រាស់ជាមួយតួកគី ខណៈហ្វាំងឡង់សម្រេចក្លាយជាសមាជិកពេញសិទ្ធិនៅដើមខែមេសា ឆ្នាំ ២០២៣ នេះ។

គេមើលឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ីប្រើវោហាសាស្រ្តការទូត គំរាមកំហែងហ្វាំងឡង់ និងស៊ុយអែត ចំពោះការផ្លាស់ប្ដូរគោលនយោបាយបរទេសរបស់ខ្លួន។ រុស្ស៊ីនិយាយថា ការក្លាយជាសមាជិកណាតូរបស់ហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់រុស្ស៊ីជាង ១ ៣០០ គីឡូម៉ែត្រ បានប្រែក្លាយប្រទេសនេះឱ្យក្លាយទៅជាតួអង្គអរិភាព។

ថ្មីៗនេះ រុស្ស៊ីក៏បានព្រមានហ្វាំងឡង់ផងដែរ ជុំវិញកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ដែលផ្តល់សិទ្ធិទូលំទូលាយ ឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់តំបន់ជាប់ព្រំដែនហ្វាំងឡង់-រុស្ស៊ី៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner