ក្រុមហ៊ុន McDonald នៅប្រទេសម៉ាឡេស៊ី ប្តឹងក្រុមធ្វើចលនាប្រឆាំងអ៊ីស្រាអែល ទារសំណង មួយលានដុល្លារ

គូឡាឡាំពួរ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន McDonald នៅប្រទេសម៉ាឡេស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមដែលតស៊ូមតិដើម្បីធ្វើពហិការប្រឆាំងនឹងអ៊ីស្រាអែលដោយចោទប្រកាន់ថា ពួកគេបានចេញសេចក្តីថ្លែងការណ៍មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុននេះបានទារសំណងការខូចខាតចំ នួន ៦ លានរីងហ្គីត ស្មើនឹង ១,៣១ លានដុល្លារអាមេរិក។

ប្រទេសម៉ាឡេស៊ី ជាប្រទេសដែលមានប្រជាពលរដ្ឋភាគច្រើនជាជនជាតិមូស្លីម ដូច្នេះហើយ ពួកគេតែងតែបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះប៉ាឡេស្ទីន តាមរយៈការធ្វើពហិការចំពោះការទិញ ប្រើប្រាស់ ឬបរិភោគម្ហូបអាហាររបស់ក្រុមហ៊ុ នបស្ចិមប្រទេសមួយចំនួន ដែលស្រដៀងទៅនឹងប្រទេសមូស្លីមផ្សេងៗទៀតនៅលើពិភពលោកផងដែរ ពោលគឺដោយ សារតែពួកគេយល់ឃើញថា ក្រុមហ៊ុនទាំងនោះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។

ក្រុមហ៊ុនដែលបើកដំណើរការសាខា McDonald នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Gerbang Alaf កំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមចលនា BDS Malaysia ដោយបានអះអាងថា ការបង្ហោះសារនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីចលនានេះបានភ្ជាប់អាហាររបស់ McDonald និងក្រុមហ៊ុនផ្សេងទៀតទៅនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សា ដោយបានប្រើប្រាស់ពាក្យថា «សង្រ្គាមប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន»។

យោងតាមឯកសារពាក្យបណ្ដឹងដែលបានចុះនៅថ្ងៃទី១៩ ខែធ្នូ ភោជនីយដ្ឋាន Gerbang Alaf បានអះអាងថា ក្រុម BDS Malaysia បានលើកទឹកចិត្តប្រជាជនឱ្យជៀសវាងអាហាររបស់ McDonald នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនេះបានបង្កឱ្យមានការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន បង្ខំឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយការងារបុគ្គលិក និងការដែលត្រូវកាត់បន្ថយម៉ោងបើកប្រតិបត្តិការនៅហាងរបស់ពួកគេផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រុមហ៊ុន McDonald នៅប្រទេសម៉ាឡេស៊ី បានបញ្ជាក់បន្ថែមថា ខ្លួនបានប្តឹងក្រុម BDS Malaysia ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។

ជាការឆ្លើយតប ក្រុម BDS Malaysia បាននិយាយថា ខ្លួនសូមបដិសេធទាំងស្រុងចំពោះការលើកឡើងថាខ្លួនបានបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនលក់អាហារចម្អិនរហ័ស (Fast-food) មួយនេះ ហើយថា ខ្លួននឹងទុកសំណុំរឿងនេះឱ្យតុលាការជាអ្នកដោះស្រាយ។

គួរបញ្ជាក់ថា គោលដៅសំខាន់របស់ចលនា BDS គឺដើម្បីបញ្ឈប់ការគាំទ្រពីអន្តរជាតិចំពោះអ៊ីស្រាអែលដែលកំពុងធ្វើការគាបសង្កត់ទៅលើប៉ាឡេស្ទីន និងដាក់សម្ពាធ ក៏ដូចជាជំរុញឱ្យអ៊ីស្រាអែលត្រូវគោរពអនុវត្តតាមច្បាប់អន្តរជាតិ៕ ប្រែសម្រួល៖ ធា សុណា

ads banner