ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ហៅកាត់ថា (គ.ក.ប.យ) ដើម្បីជាយន្តការសម្របសម្រួលជំរុញដល់ការអនុវត្ត និងលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដែលមាន១៦ មាត្រា បានចែងថា ៖ «អនុក្រឹត្យនេះកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ព្រមទាំងគុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
គ.ក.ប.យ. មានតួនាទី និងភារកិច្ច ជាអ្នកដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្តួចផ្តើម និងលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច លើផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រភពដដែលបានបន្តថា គ.ក.ប.យ. ក៏មានតួនាទីដាក់ចេញនូវសេចក្តីណែនាំ និងវិធានការចាំបាច់នានាសំដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រួតពិនិត្យ និងវាយតម្លៃពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធនឹង ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ព្រះរាជក្រឹត្យ បានបញ្ជាក់ថា ៖ «គ.ក.ប.យ. ក៏មានតួនាទីក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងជាអ្នកសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌»។
ព្រះរាជក្រឹត្យបញ្ជាក់ទៀតថា ៖« គ.ក.ប.យ មានតួនាទី ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ អនុវត្តការងារផ្សេងទៀតពាក់ព័ន្ធនឹងការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌»។
គ.ក.ប.យ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌។
បើយោងតាមព្រះរាជក្រឹត្យដដែល សមាសភាពសមាជិកនៅ គ.ក.ប.យ មកពីវិស័យយុត្តិធម៌ និងក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ។ ក្នុងនោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ និងប្រធានតុលាការកំពូលឯកឧត្តម ជីវ កេង ត្រូវបានតែងតាំងឱ្យធ្វើជាសហប្រធាននៃគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌។
បន្ថែមពីនេះ ក៏មានសមាជិកចូលរួមពីមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី សាលាឧទ្ធរណ៍ភ្នំពេញ គណៈមេធាវីកម្ពុជា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌៕
ដោយ៖សុខ រក្សា