កងទ័ពជើងទឹកអាមេរិកសម្លាប់ពួកឧទ្ទាមហ៊ូធី ១០នាក់ ដែលវាយប្រហារកប៉ាល់ នៅសមុទ្រក្រហម

សាណា៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកបានបាញ់ប្រហារទៅលើក្រុមឧទ្ទាម ហ៊ូធី ដែលព្យាយាមឡើងលើកប៉ាល់ដឹកទំនិញ ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍។ ក្រុមឧទ្ទាម ហ៊ូធី ដែលគេដឹងថា គាំទ្រដោយអ៊ីរ៉ង់នោះ បានរាយការណ៍ថា គ្នីគ្នារបស់ពួកគេ ចំនួន១០នាក់ បានស្លាប់ ឬ បាត់ខ្លួន។

លោក Yahya Saree អ្នកនាំពាក្យយោធា ហ៊ូធី បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិករបស់ពួកគេ ១០នាក់ បានស្លាប់ ឬ បាត់ខ្លួន នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក លើកនេះ។

លោក Saree បាននិយាយថា នាវា Maersk ត្រូវបានវាយប្រហារ ខណៈដែលយោធា ហ៊ូធី កំពុងធ្វើយុទ្ធនាការបញ្ឈប់នាវាអ៊ីស្រាអែល មិនឱ្យឆ្លងកាត់សមុទ្រក្រហម។

លោក Yahya Saree បាននិយាយថា «កងកម្លាំងទ័ពជើងទឹករបស់យេម៉ែន ជាថ្មីម្តងទៀត រំលឹកប្រទេសទាំងអស់អំពីដំបូន្មានរបស់យើង មិនឱ្យចូលទៅក្នុងផែនការរបស់អាមេរិក ដែលមានគោលបំណងបង្កឱ្យមានជម្លោះ នៅសមុទ្រក្រហម»។

លោកបានបន្ថែមទៀតថា «ពួកហ៊ូធីបានប្តេជ្ញាចិត្តប្រឈមមុខនឹង ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់យើង និងប្រជាជនរបស់យើង» ។

ការប៉ះទង្គិចគ្នានៅសមុទ្រក្រហម បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើតកងនាវាចរណ៍ចម្រុះជាតិសាសន៍មួយ នៅដើមខែធ្នូ ដើម្បីការពារផ្លូវដឹកជញ្ជូនដ៏សំខាន់ ប្រឆាំងនឹងការវាយប្រហារបង្កឡើងដោយពួកហ៊ូធី។ ពួកគេកំពុងកាន់កាប់រដ្ឋធានី សាណា របស់ប្រទេសយេម៉ែន និងគ្រប់គ្រងផ្នែកភាគច្រើននៃឆ្នេរសមុទ្រក្រហមរបស់ប្រទេសនេះ។

ក្រុមឧទ្ទាម ហ៊ូធី បាននិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅហ្គាហ្សា។ ពួកគេបានបាញ់មីស៊ីល ឬ ប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើកប៉ាល់ ដែលឆ្លងកាត់តាមសមុទ្រក្រហម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner