សារឆ្នាំថ្មី! លោក ស៊ី ជីនពីង សាទរភាពធន់នៃសេដ្ឋកិច្ចចិន
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យចុងសប្តាហ៍មុនថ្លែងថា សេដ្ឋកិច្ចចិនបានរីកចម្រើន “រឹងមាំ និងខ្លាំងក្លាជាងមុន” នៅឆ្នាំ២០២៣ ទោះបីជាតួលេខហិរញ្ញវត្ថុនៅតែបន្តខកចិត្ត ក្រោយជំងឺរាតត្បាតកូវីដក៏ដោយ។
នៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលប្រកបដោយសុទិដ្ឋិនិយមទៅកាន់ប្រជាជាតិខ្លួន លោក ស៊ី ជីនពីង ថ្លែងថា ប្រទេសចិននឹងមានការបង្រួបបង្រួមមួយដ៏ពិតប្រាកដ។ សារនេះចង់សំដៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជារបស់ខ្លួន និងបានសន្យាដណ្តើមកាន់កាប់។
លោក ស៊ី បានស៊ូទ្រាំនឹងបញ្ហាប្រឈមនៅឆ្នាំ២០២៣ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដោយរដ្ឋបាលរបស់លោកបានតស៊ូរក្សាសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ។
ប៉ុន្តែលោក ស៊ី ថ្លែងថា ទោះបីជួបព្យុះភ្លៀង ក៏សេដ្ឋកិច្ចចិនអាចរក្សាភាពធន់ និងស្វាហាប់ជាងមុន ដោយលោកបានសាទរ ចំពោះការលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងឧស្សាហកម្មដែលកំពុងរីកចម្រើន មានដូចជា រថយន្តអគ្គិសនី រោងចក្រផលិតអាគុយលីចូម និងបន្ទះសូឡា។
តួលេខផ្លូវការដែលចេញផ្សាយក្នុងថ្ងៃអាទិត្យសប្តាហ៍មុន បានបង្ហាញពីការធ្លាក់ចុះ នៃសកម្មភាពរោងចក្រទូទាំងប្រទេសចិន ដែលបានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូឆ្នាំមុន ជាខែទី៣ នៃការធ្លាក់ចុះជាប់ៗគ្នា។ យ៉ាងណាមិញ ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិនអាចនឹងតស៊ូដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំ ប្រហែល ៥ភាគរយ ដែលជាមហិច្ឆតាទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា