ក្រសួងសាធារណការអំពាវនាវម្ចាស់យានយន្តស្វែងយល់ច្រកបញ្ជរចេញចូលផ្លូវល្បឿនលឿន (Video Inside)
ភាពកកស្ទះប្រវែងច្រើនគីឡូម៉ែត្រនៅបញ្ជរបង់ប្រាក់នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រញាប់ឱ្យមន្ត្រីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្ត ត្រូវស្វែងយល់ពីច្រករថយន្តបើកចេញចូលតាមបញ្ជរបង់ប្រាក់នីមួយៗ។
កាលពីថ្ងៃទី១មករាឆ្នាំ២០២៤, សេចក្តីរាយការណ៍បានបង្ហាញថា ការកកស្ទះរថយន្តនៅតាមបញ្ជរបង់ប្រាក់ធ្វើដំណើរពីខេត្តព្រះសីហនុមកភ្នំពេញ មានប្រវែងយ៉ាងហោច ៩គីឡូម៉ែត្រ។
ការកកស្ទះដ៏វែងអន្លាយនេះ គឺជាលើកដំបូងហើយកើតមាននៅលើផ្លូវល្បឿនលឿននេះ ដោយសារតែរយៈពេលបុណ្យចូលឆ្នាំសកលនេះ រថយន្តច្រើនម៉ឺនគ្រឿង បានសម្រុកការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដើម្បីការឆាប់ទៅដល់គោលដៅ។
យោងតាមសេចក្តីរាយការណ៍ក្នុងរយៈពេលឈប់សម្រាកបីថ្ងៃ នៃបុណ្យដំណាច់ឆ្នាំសកលនេះ មានរថយន្តបើកបរលើផ្លូវល្បឿនលឿនមានជាង ៨ម៉ឺនគ្រឿង។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថាការកកស្ទះដ៏វែងនោះ គឺដោយសារកត្តាធំចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ដោយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង…ចំណែកកត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពី ការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ ប៉ុន្តែបែរជាបើកចូលគន្លង ETC ទៅវិញ។
លោក សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿនរហ័ស និងមិនស្មុគស្មាញ។