រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយម លើកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរ បន្តរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ។

សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតិជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូត ថៃ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា វត្តមានរបស់ ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមឯកអគ្គរាជទូត ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួរនាទីយ៉ាងសកម្ម នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម។

ឯកឧត្ដមឯកអគ្គរាជទូតថៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner