កម្ពុជា ឡាវ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ឱ្យកាន់តែរឹងមាំថែមទៀត
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសមពី ឯកឧត្តម បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវប្រចាំនៅ កម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកប ដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងការពង្រឹង សមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់អាណត្តិទី៧នេះ។ ភាគីទាំងពីរ បានរំលឹកអំពីស្មារតីនៃជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ជាពិសេសការជំរុញគោលនយោបាយទេសចរណ៍ “ប្រទេសទាំងបី គោលដៅតែមួយ”។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញមន្រ្តីជំនាញនៃប្រទេសទាំងបីពិភាក្សារៀបចំផែនការសកម្មភាពរួម និងពិនិត្យ លទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីកម្ពុជា-ឡាវ-វៀតណាម អំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសឡាវក្នុងការធ្វើជាម្ចាស់ផ្ទះនៃ វេទិកាទេសចរណ៍អាស៊ាន២០២៤(ATF2024)និងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤ (ASEAN Summit 2024) ។ ទន្ទឹមនឹងនេៈ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពីមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា -ឡាវ ហើយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ល្អនេះ ក្រសួងទេសចរណ៍កម្ពុជានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសសម្របសម្រួលឲ្យមានការតភ្ជាប់ជើងហោះត្រង់បន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលតែងតែជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ជាពិសេស កិច្ចខិតខំប្រឹងប្រែង ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការរៀបចំសកម្មភាពនិងព្រឹត្តការណ៍ទេសចរណ៍រួមគ្នា ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ចាន់ វិចិត្រ