ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ស្នើឱ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍ថា សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជាង ៦,០០០ករណី នៅសាលាជម្រះក្ដីទូទាំងប្រទេសដែល ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះតែម្ដង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា អត្រានុកូលដ្ឋាន គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ ខណៈដែលនៅពេលមាន បញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ ។
ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ពាក់ព័ន្ធរឿងទាក់ទងបញ្ហាអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតី ក្នុងករណីទុករឿងឱ្យយឺត ឬក៏មានករណី ទាមទារផលប្រយោជន៍ផ្សេងៗ សូមប្ដឹងមកលេខាធិការដ្ឋាន ដើម្បីឱ្យលេខាធិការដ្ឋានដោះស្រាយជូនឱ្យបានឆាប់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌គូសបញ្ជាក់ថា ខ្ញុំសូមយករឿងនេះ ធ្វើការងារជាមួយតុលាការ យកការទទួលខុសត្រូវមួយ និងស្នើសុំឱ្យចៅក្រមនៅទូទាំងប្រទេស សាលាជម្រះក្ដីទូទាំងប្រទេស រៀបចំឱ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះ ហើយស្នើសុំក្នុងការអនុវត្តនេះ គឺមានតែ ២គត់ លឿន ហើយនិងត្រឹមត្រូវ ។
គួរជម្រាបដែរថា រដ្ឋសភាជាតិ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីពាក់កណ្តាលឆ្នាំ២០២៣ ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើក កម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា