អ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោកដ៏ល្បីល្បាញ បានបង្ហាញឆន្ទៈដ៏មុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតងជាដើម។ ការបង្ហាញឆន្ទៈនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូនសម្តេចធិបតី ថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតងជាដើម។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ៤០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាខាងលើ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និងបានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងផ្លែផ្កា និងធ្វើដំណើរមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
