អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញជំនឿថា រដ្ឋាភិបាលថ្មីដឹកនាំ ដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែស៊ីជម្រៅ
(ជប៉ុន)៖ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ New Otani Tokyo ។
លោក កូមួរ៉ា ម៉ាសាហ៊ិកូ បានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។
លោក កូមួរ៉ា ម៉ាសាហ៊ិកូ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលមមាញឹកទទួលជួបលោក និងមានក្តីរំភើបរីករាយដោយ មានឱកាសរំលឹកដល់អនុស្សាវរីយល្អៗកាលពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួមចំណែករបស់ជប៉ុន ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។
ក្នុងនោះលោកបានសំដែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មកទល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមានទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ ៕
ដោយ ៖ វណ្ណលុក